ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរាប់សិបពាន់នាក់ដង្ហែក្បួនបាតុកម្មនៅទីក្រុងវ៉ាស៊ីនតោន​គាំទ្រ លោកត្រាំឲ្យកាន់តំណែង​៤ឆ្នាំទៀត(មានវីដេអូ)

ចែករំលែក៖

ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ ពាក់អាវក្រហម ​ស និងខៀវ បានជួបជុំគ្នា​ដង្ហែក្បួនគាំទ្រលោកត្រាំ​ នៅថ្ងៃទី​១៤ខែវិច្ឆិកា(ម៉ោងនៅអាមេរិក) គាំទ្រលោកត្រាំបន្តកាន់តំណែងដឹកនាំអាមេរិកថែមមួយអាណត្តិទៀត។
សារព័ត៌មានUSA Today បានផ្សាយថា ក្រុមបាតុករដង្ហែក្បួន ប្រឆាំងលទ្ធផលបោះឆ្នោត ដោយចោទប្រកាន់ថាមានការបន្លំសន្លឹកឆ្នោត​ក្នុងការបោះឆ្នោតថ្ងៃទី​៣ខែវិច្ឆិកា​។ បាតុកម្មអូសបន្លាយរហូតដល់ពេលយប់ ហើយបង្កឲ្យមានការប៉ះទង្គិចគ្នា​ជាមួយកម្លាំងសន្តិសុខផងដែរ​។
យ៉ាងហោចណាស់ក៏មានមនុស្ស ១០នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី​១៤ខែវិច្ឆិកា ដោយសារតែបានបំពានច្បាប់ បង្កអសន្តិសុខក្នុងសង្គម​។
លោកត្រាំក៏បានលើកដៃស្វាគមន៍ក្រុមបាតុករដែលមានឈ្មោះថា”Million MAGA March” (ដង្ហែក្បួនរាប់លាននាក់ ដើម្បីនាំអាមេរិក​មកកាន់ភាពអស្ចារ្យវិញ)។ ក្រៅពីនេះនៅមានក្បួនដង្ហែដែលមានឈ្មោះថា Stop the Steal (ឈប់លួចការបោះឆ្នោត) ឬ March for Trump (ដង្ហែក្បួនដើម្បីលោកត្រាំ)ដែលបានចាប់ផ្តើមឡើងពីតំបន់Freedom Plaza។ នៅទីនោះ​ក្រុមបាតុករបានស្រែកពាក្យ​ថា «បន្ថែម៤ឆ្នាំទៀត» សម្រាប់ការដឹកនាំអាមេរិក​ដល់លោកត្រាំ។
មកទល់ពេលនេះលោកត្រាំ មិនទាន់ទទួលស្គាល់​លទ្ធផលបោះឆ្នោតនៅឡើយទេ​ បើទោះបីសារព័ត៌មានធំៗនៅអាមេរិកបានផ្សាយពីជ័យជម្នះរបស់លោកបៃឌិនក្នុងការបោះឆ្នោតក្តី។ មកទល់ពេលនេះ លោកបៃឌិនទទួលបានការគាំទ្រ មានកៅអីតំណាងដល់ទៅ​៣០៦ ចំណែកលោកត្រាំវិញបានតែ ២៣២​ប៉ុណ្ណោះ។ រដ្ឋសំខាន់ៗដែលលោកត្រាំធ្លាប់ឈ្នះកាលពីឆ្នាំ​២០១៦ ដូចជា Arizona, Wisconsin, Michigan, Georgia និង Pennsylvania បានទៅលើលោកបៃឌិនទាំងអស់៕

ដោយ៖ធី រីណា


ចែករំលែក៖