ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ ពាក់អាវក្រហម ស និងខៀវ បានជួបជុំគ្នាដង្ហែក្បួនគាំទ្រលោកត្រាំ នៅថ្ងៃទី១៤ខែវិច្ឆិកា(ម៉ោងនៅអាមេរិក) គាំទ្រលោកត្រាំបន្តកាន់តំណែងដឹកនាំអាមេរិកថែមមួយអាណត្តិទៀត។
សារព័ត៌មានUSA Today បានផ្សាយថា ក្រុមបាតុករដង្ហែក្បួន ប្រឆាំងលទ្ធផលបោះឆ្នោត ដោយចោទប្រកាន់ថាមានការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិកា។ បាតុកម្មអូសបន្លាយរហូតដល់ពេលយប់ ហើយបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខផងដែរ។
យ៉ាងហោចណាស់ក៏មានមនុស្ស ១០នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ខែវិច្ឆិកា ដោយសារតែបានបំពានច្បាប់ បង្កអសន្តិសុខក្នុងសង្គម។
លោកត្រាំក៏បានលើកដៃស្វាគមន៍ក្រុមបាតុករដែលមានឈ្មោះថា”Million MAGA March” (ដង្ហែក្បួនរាប់លាននាក់ ដើម្បីនាំអាមេរិកមកកាន់ភាពអស្ចារ្យវិញ)។ ក្រៅពីនេះនៅមានក្បួនដង្ហែដែលមានឈ្មោះថា Stop the Steal (ឈប់លួចការបោះឆ្នោត) ឬ March for Trump (ដង្ហែក្បួនដើម្បីលោកត្រាំ)ដែលបានចាប់ផ្តើមឡើងពីតំបន់Freedom Plaza។ នៅទីនោះក្រុមបាតុករបានស្រែកពាក្យថា «បន្ថែម៤ឆ្នាំទៀត» សម្រាប់ការដឹកនាំអាមេរិកដល់លោកត្រាំ។
មកទល់ពេលនេះលោកត្រាំ មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឡើយទេ បើទោះបីសារព័ត៌មានធំៗនៅអាមេរិកបានផ្សាយពីជ័យជម្នះរបស់លោកបៃឌិនក្នុងការបោះឆ្នោតក្តី។ មកទល់ពេលនេះ លោកបៃឌិនទទួលបានការគាំទ្រ មានកៅអីតំណាងដល់ទៅ៣០៦ ចំណែកលោកត្រាំវិញបានតែ ២៣២ប៉ុណ្ណោះ។ រដ្ឋសំខាន់ៗដែលលោកត្រាំធ្លាប់ឈ្នះកាលពីឆ្នាំ២០១៦ ដូចជា Arizona, Wisconsin, Michigan, Georgia និង Pennsylvania បានទៅលើលោកបៃឌិនទាំងអស់៕
ដោយ៖ធី រីណា