ភ្នំពេញ ៖ បុរសម្នាក់សង្ស័យមានវិបត្តិអ្វីមួយក្នុងចិត្តគិតដោះស្រាយមិនចេញ បានសម្រេចចិត្តជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងតម្រង់មកលេីស្ពានជ្រោយចង្វាចាស់ រួចលោតទឹកសម្លាប់ខ្លួន តែប្រហែលជាគាត់នៅមិនទាន់អស់អាល័យពីជីវិតក៏ខំប្រឹងហែលមកលេីគោកវិញ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាននៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញបុរសខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HE-0780 តែម្នាក់ឯងមកឈប់នៅលើស្ពានជ្រោយចង្វាចាស់ ហើយក៏ដើរទៅតោងឡើងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកបាត់ដោយបន្សល់ទុកទូរស័ព្ទដៃ១គ្រឿង លុយចំនួន៤ម៉ឺនរៀល និងខ្សែដៃ១ខ្សែទុកនៅលើកែបម៉ូតូរបស់ខ្លួន ហើយសមត្ថកិច្ចបានយកម៉ូតូនិងសម្ភារជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វាជាបណ្តោះអាសន្ន សិន។
លុះក្រោយមកប្រមាណជាង១០នាទី គេក៏ឃើញបុរសនោះហែលតោងទូកអ្នកនេសាទឡើងលើគោកវិញនៅម្តុំវត្តភ្នំ ក្នុងខណ្ឌដូនពេញ ដោយទំនងគាត់នៅមិនទាន់អស់អាល័យពីជីវិតក៏ខំប្រឹងហែលមកលេីគោកវិញបែបនេះ ។
ក្រោយមកទៀត បុរសរូបនោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វាដើម្បីធ្វើការសាកសួរនិងណែនាំអប់រំ រួចទាក់ទងទៅក្រុមគ្រួសារនិងសាច់ញាតិមកទទួលយកទៅផ្ទះវិញ៕ដោយ៖ ភារ៉ា ដង្កោ