ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុង១សប្តាហ៍កន្លងមកនេះ បានបំពេញការងារជូនប្រជាពលរដ្ឋ ក្នុងរយៈពេលយុទ្ធនាការព្រឹត្ដិការណ៍៣វិច្ឆិកាកន្លងមកនេះបានយ៉ាងច្រើនកម្មវិធី ហើយកម្មវិធីទាំងនោះ គឺសុទ្ធតែបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់ ពិសេសលើសកម្មភាពពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។ចំពោះសកម្មភាពការងារទាំងនេះរួមមាន៖
១-លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២០ បានទទួលម៉ាស់របស់សម្តេចតេជោចំនួន២លានម៉ាស់ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋខណៈដែលជំងឺកូវីដ-១៩បានបន្តការឆ្លង ក្រោយព្រឹត្តិការណ៍ថ្ងៃទី៣វិច្ឆិកានៅរាជធានីភ្នំពេញ។
២–លោក ឃួង ស្រេង និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកាបានចុះចែកម៉ាស់ការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០០គ្រួសារនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
៣-លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ វិច្ឆិកាឆ្នាំ២០២០បានទទួលអំណោយជាអង្ករចំនួន១០០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារពីសប្បុរសជន ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងរដូវកាលកូវីដ-១៩នេះ ។
៤- អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នាវេលាថ្ងៃត្រង់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ ២០២០ បានចុះទៅគោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលពិធីនេះធ្វើឡើងដើម្បីជាការរំលឹកឱ្យប្រជាពលរដ្ឋពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩។
៥-អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០បានបន្តចុះចែកម៉ាស់ក្រណាត់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅចំណុចស្តុបអុីនធើកុងទីណង់តាល់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
៦ -លោកឃួង ស្រេង អភិបាលរាជធានី កាលពីព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលអាល់កុលនិងជែលពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ។
៧-លោកឃួង ស្រេង អភិបាលរាជធានី កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបន្តយកម៉ាស់ទៅចែកជូនបងប្អូនកម្មករសំណង់ជាង៧០០នាក់នៅក្នុងបុរីមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដែលម៉ាស់ទាំងនេះជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ៖ សំរិត