ខេត្តកណ្ដាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសូមឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋ មិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍និងសំណូមពរ ក្នុងប្រអប់សារ ផេកហ្វេសបុក ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានខ្លឹមសារថា៖ “សូមគោរពលោកស្នងការសូមលោកជួយមើលមានករណីល្បែងស៊ីសងបៀរនិងខ្លាឃ្លោកលេងរាល់ថ្ងៃចាប់ពីម៉ោង ៣ និង០០នាទីរសៀល រហូតដល់យប់ជ្រៅរំខានដល់អ្នកជិតខាងនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ នៅក្រោយសាលាបឋមសិក្សាព្រែកសំរោង ខ្ញុំសូមអរគុណ សូមលោកជួយមើលផង”។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនដំណឹងនេះដល់លោកអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវ និងអនុវត្តជំនាញ ។បន្ទាប់មកលោកអធិការបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅចុះស៊ើបអង្កតទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ជាក់ស្តែង។
ជាលទ្ធផល៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥ និង១១នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចុះបង្រ្កាបទីតាំងខាងលើពិតជាមានលេងល្បែងសុីសងបៀរ ខ្លាឃ្លោក និងចាក់ធុងបាស់ច្រៀងប្រាកដមែន។ដោយពិនិត្យឃើញថាករណីនេះតូចតាចកម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាម្ចាស់ផ្ទះឈ្មោះ ព្រុំ វណ្ណៈ ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវតែបញ្ឈប់ការផ្តល់ទីតាំងនិងប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីពេលនេះតទៅ ជាលើកទី១ប្រសិនបើថ្ងៃក្រោយមិនរៀងចាលទៀតនិងចំណាត់ការទៅតាមនីតិវិធី។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការផ្ដល់ព័ត៌មានក្នុងន័យធ្វើឱ្យមូលដ្ឋានមានសណ្ដាប់ធ្នាប់ និងសន្តិសុខល្អ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសបុកមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី