ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ថា សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១ រៀបចំឡើងក្នុងបរិការជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលបាន អះអាងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវរៀបចំឡើង នៅក្នុងបរិការដែលជំងឺកូវីដ-១៩ នាំមកនូវផលប៉ះពាល់ និងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមក ដែលកម្ពុជាមិនអាច គេចរួច ដូចក្នុងតំបន់ និងពិភពលោកទាំងមូល។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា គម្រោងថវិកាឆ្នាំ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈមនឹងសង្គម-សេដ្ឋកិច្ច និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាជាមួយគណៈកម្មការជំនាញរដ្ឋសភា មុនពេលដាក់សេចក្តីព្រាងច្បាប់នេះ ទៅកាន់​សម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅ របស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិកូវីដ-១៩ត្រូវបានបញ្ចប់។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានគំាទ្រដល់សេចក្តីព្រាងច្បាប់នេះ ដោយសារមានសារសំខាន់ដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យប្រសើរ ឡើងវិញ។ លោកមានប្រសាសន៍ទៀតថា គណៈកម្មការរដ្ឋសភា បានឯកភាពគាំទ្រទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់នេះ និងសម្រេចបញ្ជូនទៅឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា​នាពេលខាងមុខនេះ។

សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាល គ្រោងចំណាយថវិកាថ្នាក់ជាតិប្រមាណ ៧.៥០០លានដុល្លារ អាមេរិក ត្រូវជា៤៥,៨៥ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ដែលថយចុះ១,៩ភាគរយ បើធៀបនឹងឆ្នាំ ២០២០នេះ។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវរក្សាកម្រិតឆ្នាំ២០២០ ដើម្បីសន្សំថវិកា សម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយទឹកជំនន់រដូវវស្សាឆ្នាំនេះ សំដៅធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាព របស់ប្រជាជន៕​ដោយ ស សម

 


ចែករំលែក៖