ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានទ័ពពិសេស ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលឯកទេសមុជទឹកជំនាន់ទី៨

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលឯកទេសមុជទឹកជំនាន់ទី៨ នៅទីបញ្ជាការដ្ឋានទ័ពពិសេស។

ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានផ្តល់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍បើកវគ្គនេះ គឺទទួលបានបទបញ្ជា និងការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានដំណើរការបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ ដែលមានសិក្ខាកាមមកពីវិទ្យាស្ថានទ័ពជើងគោក នាយទាហានក្នុងបញ្ជាការដ្ឋានទ័ពពិសេស, និងនាយទាហាន មកពីបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។ ដោយធ្វើការហ្វឹកហ្វឺនរយ:ពេល ២ខែ ។ ដោយឡែក វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលឯកទេសមុជទឹកជំនាន់ទី៨ ក៏មាន សិក្ខាកាមនាយទាហានមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយទាហានក្នុងបញ្ជាការដ្ឋានទ័ពពិសេស និងប្រើរយ:ពេលហ្វឹកហ្វឺន៦ខែ លើខ្លឹមសារមេរៀន អប់រំចិត្តសាស្ត្រ ហ្វឹកហ្វឺនជំនាញឆ្លាមសមុទ្រ និងសុខាភិបាល។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ នាយ ពលទាហាន ក្នុងបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បំពេញបេសកកម្មតាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់។ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍ តាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។ នាយឧត្ដមសេនីយ៍ បានរម្លឹកដល់ថ្នាក់ដឹកនាំ ពិសេសនាយ ពលទាហាន ដែលជាសិក្ខាកាមទាំងអស់ ឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា ចំពោះជនអគតិទាំងឡាយណា ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និង បន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ ឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និង វិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ ។

បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើបន្ថែមដល់នាយ ពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងក្នុងការងារដកស្ទូង ច្រូតកាត់ ប្រមូលផលផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖