ក្រុមជំនាញដោះមីនរបស់ទាហានជើងទឹកអង់គ្លេស កាលពីថ្ងៃទី១៦ខែវិច្ឆិកាបានបំផ្ទុះគ្រាប់បែកបុកសម្រាប់ប្រឆាំង នាវាមុជទឹកដែលបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ។
គ្រាប់បែកបុកត្រូវបានក្រុមអ្នកមុជទឹកអង់គ្លេសប្រទះឃើញនៅថ្ងៃទី១១ខែវិច្ឆិកា នៅបាតសមុទ្រ ជិតកំពង់ផែElizabeth II កោះGuernsey របស់អង់គ្លេស។ ក្រោយការហាមប្រាមនាវាឆ្លងកាត់នៅក្នុងបរិវេណ២០០ម៉ែត្រជុំវិញគ្រាប់បែកខាងលើ ក្រុមជំនាញក៏បានបំផ្ទុះតែម្តង។ កម្លាំងផ្ទុះយ៉ាងខ្លាំងធ្វើឲ្យទឹកបាញ់យ៉ាងខ្ពស់ទៅលើអាកាស។
គ្រាប់បែកខាងលើសម្រាប់ប្រឆាំងនាវាមុជទឹកផលិតដោយអាមេរិក ដោយមានគ្រាប់រំសេវផ្ទុះរហូតដល់ទៅ១០០គីឡូក្រាម។គ្រាប់បែកនេះផលិតដើម្បីបំពាក់នៅលើ យន្តហោះចុះចតនៅលើនាវាផ្ទុកយន្តហោះ ហើយពេលទម្លាក់ចូលក្នុងទឹកវានឹងផ្ទុះក្នុងកម្រិតដែលបានកំណត់។
កោះGuernsey និង Jersey គឺជាកោះដែលត្រូវក្រុមហ្វាស៊ីស អាល្លឺម៉ង់គ្រប់គ្រងក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ កោះនោះត្រូវរបបហ្វាស៊ីសគ្រប់គ្រងរយៈពេល៥ឆ្នាំ ៕
ដោយ៖ធី រីណា