អន្តរជាតិ៖ បើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា កាលពីពេលថ្មីៗកន្លងមកនេះ សភាក្រិក បានសម្រេចប្រែក្លាយច្បាប់ពីបទល្មើសដ៏សាមញ្ញទៅបទឧក្រិដ្ឋ ជុំវិញការចិញ្ចឹមសត្វដោយមិនបានត្រឹមត្រូវ ហើយអ្នកប្រព្រឹត្តខុសអាចប្រឈមជាប់ពន្ធនាគាររហូតដល់ទៅ១០ឆ្នាំឯណោះ។
បើតាមលោក Makis Voridis រដ្ឋមន្ត្រីក្រសួងកសិកម្មក្រិក បានបង្ហាញសេចក្តីព្រាងច្បាប់ទៅកាន់សភាពេញអង្គ ជាមួយនឹងការផ្តល់សារដ៏ធំមួយថាសភាសម្រាប់សង្គម។ រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានបញ្ជាក់បន្ថែមថាសង្គម មិនអាចទទួលយកនូវអំពើដ៏សាហាវលើសត្វបែបនេះ ទៀតនោះទេ។
បើតាមការជាក់ស្តែង ច្បាប់ប្រទេសក្រិក ចំពោះសកម្មភាពដែលចាត់ទុកជាការធ្វើបាប និងរំលោភបំពានលើសត្វចិញ្ចឹម មានដូចជា ការបំពុលការចងព្យួរការដុត និងទង្វើទារុណកម្មផ្សេងៗ ។ អ្នកដែលប្រព្រឹត្តខុស ប្រឈមពិន័យជាប្រាក់ពី៥០០០ ទៅ១៥០០០អឺរ៉ូ (ពីជិត៦០០០ ទៅជិត១៨០០០ដុល្លារអាមេរិក) ហើយទោសពន្ធនាគារ ស្ថិតក្នុងកម្រិតអប្បរមា១ឆ្នាំ ហើយអាចឈានទៅដល់១០ឆ្នាំ ទៅតាមទង្វើជាក់ស្តែងនៃបទល្មើស។
សូមជម្រាបថា សេចក្តីច្បាប់នេះ ត្រូវបានតាក់តែងឡើង បន្ទាប់ពីមានសកម្មភាពដ៏អាក្រក់ជាច្រើនលើសត្វចិញ្ចឹមនៅក្រិក។ កាលពីខែតុលាបុរសអាយុ៥៥ឆ្នាំម្នាក់ នៅក្រុង Heraklion បានចងព្យួរកសត្វឆ្កែមួយក្បាល។រូបថតពីសកម្មភាពនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម និងសារព័ត៌មានជាច្រើន ដែលក្រោយមក ជនល្មើសត្រូវបានពិន័យជាប្រាក់ ៣ម៉ឺនអឺរ៉ូ (ជាង៣៥០០០ដុល្លារអាមេរិក)។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះដែរ រំលងប៉ុន្មានថ្ងៃក្រោយមក គ្រូបង្រៀនម្នាក់មានអាយុ៥៤ឆ្នាំ ដែលរស់នៅក្រុងកំពង់ផែ Piraeus ក្បែរក្រុងអាតែន បានយកកាំបិតកាប់ឆ្កែ រួចវាយនឹងដំបងដែក យ៉ាងសាហាវលើសត្វឆ្កែនោះ។សកម្មភាពត្រូវបានលួចថតដោយអ្នកដំណើរម្នាក់ ដែលក្រោយមកគ្រូបង្រៀនរូបនោះ ត្រូវបានចាប់ខ្លួនផងដែរ ខណៈដំណើរការជម្រះក្តី មិនទាន់កំណត់ថ្ងៃនោះឡើយ៕ដោយ៖ស តារា