ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានទាញដំបងឈើដេញវាយស្ត្រីចំណាស់ម្នាក់រហូតដល់រងរបួស។ ហេតុការណ៍នៃអំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអតីតសាលាចិន ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យដែលបង្កហិង្សា មានឈ្មោះ នាង តួ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ឌិន ធីសាង ភេទស្រី អាយុ៦៩ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិឃុំខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរតាមផ្លូវហើយឃើញជនសង្ស័យអង្គុយយកដុំថ្ម និងដុំឥដ្ឋគប់មកលើផ្លូវ ទើបជនរងគ្រោះស្រែកប្រាប់ថា កុំគប់ប្រយ័ត្នត្រូវគាត់ និងត្រូវអ្នកធ្វើដំណើរលើដងផ្លូវ ពេលដែលប្រាប់រួចជនរងគ្រោះក៏បានដើរចេញទៅ ស្រាប់តែភ្លាមៗនោះ ជនសង្ស័យខឹងនឹងស្រ្តីនោះប្រាប់ក៏រត់ទៅទាញឈើមួយកំណាត់តាមដេញវាយពីក្រោយជនរងគ្រោះបណ្តាលឲ្យរងរបួស និងបានគេស្រែកឆោឡោឲ្យគេជួយ ទើបជនសង្ស័យបញ្ឈប់សកម្មភាពរបស់ខ្លួន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យនាំមកអធិការដ្ឋានក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ចន្ថា