អន្តរជាតិ៖ កាលពីថ្ងៃទី១៦ វិច្ឆិកាថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន យល់ព្រមឲ្យបង្កើតមូលដ្ឋានកងទ័ពជើងទឹករុស្ស៊ីនៅស៊ូដង់ដែលមានសមត្ថភាពក្នុងការផ្ទុកនាវាដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ។ចំពោះមូលដ្ឋានកងទ័ពរបស់រុស្ស៊ីថ្មីនេះ ក្រោយអវត្តមានជាច្រើនឆ្នាំនៅក្នុងតំបន់នេះ នឹងបើកផ្លូវឲ្យប្រទេសមហាអំណាចមួយនេះ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅទ្វីបអាហ្វ្រិក។
លោក វ្ល៉ាឌីមៀ ពូទីន ក្នុងក្រឹត្យដែលនឹងចុះហត្ថលេខាដោយផ្ទាល់ លោកប្រធានាធិបតីរូបនេះ អនុញ្ញាតឲ្យរដ្ឋាភិបាលរុស្ស៊ីលើកជាសំណើក្នុងការបង្កើតមូលដ្ឋានយោធារុស្ស៊ីនៅស៊ូដង់ និងបញ្ជាឲ្យក្រសួងការពារជាតិរុស្ស៊ី ចុះហត្ថលេខាជាមួយរដ្ឋាភិបាលស៊ូដង់ ដើម្បីឲ្យមូលដ្ឋានយោធានេះលេចចេញជារូបរាង។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ស៊ូដង់ដែលប្រទេសម្ចាស់ផ្ទះ នឹងមិនយកថ្លៃឈ្នួលក្នុងការបង្កើតមូលដ្ឋានយោធានេះឡើយ។ បន្ថែមពីនេះទៅទៀតរុស្ស៊ីមានសិទ្ធិក្នុងការនាំចូលអាវុធ គ្រាប់កាំភ្លើងនិងសម្ភារចាំបាច់តាមរយៈព្រលានយន្តហោះ និងកំពង់ផែដើម្បីទ្រទ្រង់ដល់មូលដ្ឋានយោធាថ្មីនេះ។ ចំណែកមូលដ្ឋានកងទ័ពជើងទឹករបស់រុស្ស៊ីនៅអាហ្វ្រិកនេះ នឹងសាងសាងនៅជាយទីក្រុងព័រស៊ូដង់ នឹងមានសមត្ថភាពផ្ទុកកងទ័ព និងមន្ត្រីយោធាច្រើនជាង៣០០នាក់។ ហើយមូលដ្ឋាននេះ នឹងបង្កើនសមត្ថភាពរបស់រុស្ស៊ី ក្នុងប្រតិបត្តិការនៅសមុទ្រឥណ្ឌាផងដែរ។មូលដ្ឋាននេះ មានសមត្ថភាពផ្ទុកនាវាច្រើនជាង៤គ្រឿង ហើយនឹងប្រើប្រាស់សម្រាប់ការជួសជុល និងផ្គត់ផ្គង់សម្រាប់ប្រតិបត្តិការនាវាជើងទឹករុស្ស៊ី។
បើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បញ្ជាក់ថាមូលដ្ឋានយោធានៅស៊ូដង់នេះ នឹងសម្រួលដល់កងទ័ពជើងទឹករុស្ស៊ីសម្រាប់ប្រតិបត្តិការក្នុងសមុទ្រឥណ្ឌា ដោយអនុញ្ញាតឲ្យនាវាធ្វើដំណើរបានរយៈចំងាយឆ្ងាយ។ លើសពីនេះ រុស្ស៊ីអះអាងថា មូលដ្ឋាននេះនឹងការពារដោយប្រព័ន្ធការពារដែនអាកាសដែលនឹងបង្កើតតំបន់គ្មានការហោះហើររាប់គីឡូម៉ែត្រនៅជុំវិញបន្ទាយ។
ជាក់ស្តែងនៅមិនឆ្ងាយពីស៊ូដង់ រុស្ស៊ីក៏មានមូលដ្ឋានដែលមានលក្ខណៈដូចគ្នានេះដែរនៅកំពង់ផែ Tartus ប្រទេសស៊ីរី។ នៅទីនោះ រុស្ស៊ីមានមូលដ្ឋានទ័ពអាកាស។ ទ្វីបអាហ្វ្រិកដែលមានប្រទេសចំនួន៥៤ ក្លាយទៅជាទីតាំងយុទ្ធសាស្ត្រសម្រាប់រុស្ស៊ីក្នុងការបង្កើនឥទ្ធិពលរបស់ខ្លួនដោយសារសម្បូរទៅដោយធនធានរ៉ែ និងអាចជាទីផ្សារដ៏មានសក្ដានុពលសម្រាប់រុស្ស៊ីក្នុងការលក់អាវុធដែរ។
សូមជម្រាបដែរថា បណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកមួយចំនួន បានក្លាយទៅជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រទេសមហាអំណាចក្នុងការការពារផលប្រយោជន៍របស់ខ្លួន ក៏ដូចជាពង្រីកឥទ្ធិពលនៅទ្វីបមួយនេះ។ ព្រោះជាក់ស្តែងវត្តមានរបស់រុស្ស៊ីនៅស៊ូដង់ នឹងបើកផ្លូវឲ្យប្រទេសនេះប្រកួតប្រជែងពង្រីកឥទ្ធិពល ក៏ដូចជាទីផ្សារទល់នឹងចិន និងបារាំង។
គួរបញ្ជាក់ថា ជាសញ្ញាពង្រឹងឥទ្ធិពលនៅអាហ្វ្រិក នៅឆ្នាំ២០១៩ រុស្ស៊ីនិងប្រទេសអាហ្វ្រិកចំនួន៤៣ បានបើកកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកលើទី១ នៅទីក្រុងSochi ប្រទេសរុស្ស៊ី និងលើកទី២នៅអាហ្វ្រិកខាងត្បូងដែលពេលនោះរុស្ស៊ីបានបង្ហាញបណ្តារថ្នាក់ដឹកនាំអាហ្វ្រិកនូវនាវាចម្បាំងដើរដោយថាមពលនុយក្លេអែរ៕
ដោយ៖ស តារា