ព័ត៌មានទាន់ហេតុការណ៍៖

ធុច សាឡិ ត្រៀមវិលទៅរៀនបន្តនៅប្រទេសចិនដើមឆ្នាំ២០២១ក្រោយស្ងប់ស្ងាត់កូវីដ-១៩

ចែករំលែក៖

    ភ្នំពេញ៖ កុមារាល្បីពីកម្ពុជា ធុច សាឡិ ខកខានក្នុងការចេញទៅសិក្សានៅប្រទេសចិនអស់ជាងមួយឆ្នាំមកហើយពោលគឺក្រោយពីការមកលេងស្រុកកំណើត ប៉ុន្តែជាប់គាំងដោយសារជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាអតីតក្មេងលក់វត្ថុអនុស្សាវរីយ៍ក្នុងតំបន់អង្គរនេះនឹងវិលទៅបន្តការសិក្សានៅដើមឆ្នាំក្រោយនេះ។

គេចាំបានថា សាងភាពភ្ញាក់ផ្អើលក្នុងនាមជាកុមារកម្ពុជាលក់វត្ថុអនុស្សាវរីយ៍នៅតំបន់ប្រាសាទអង្គខេត្ត សៀមរាប សាឡិ បានធ្វើឲ្យពិភពលោកកោតសរសើរខ្លាំងព្រោះតែកុមារារូបនេះអាចនិយាយបានជាច្រើនជាង១៥ភាសាពីភ្ញៀវទេសចរបរទេស ដើម្បីទាក់ទាញភ្ញៀវឲ្យទិញវត្ថុអនុស្សាវរីយ៍របស់ខ្លួន។ សាឡិ មានវាសនាទទួលបានការអាណិតស្រលាញ់ ចិញ្ចឹមបីបាច់ និងមានឱកាសចេញទៅសិក្សានៅប្រទេសចិនដែលជាក្តីប្រាថ្នាដ៏ធំក្នុងជីវិត។ ថ្មីៗនេះសមត្ថភាពនៃការសិក្សារបស់សាឡិ ក៏ទទួលបានការចាប់អារម្មណ៍រហូតស្ថានីយទូរទស្សន៍នៅប្រទេសចិន បានអញ្ជើឲ្យចូលរួមក្នុងកម្មវិធីធំល្បមួយចំនួននៅប្រទេសចិន និងបានបង្កើតឲ្យមានមោទភាពសម្រាប់កម្ពុជាដែលមានធនធានមនុស្សដ៏ល្អបែបនេះ។

ក្រោយពីចំណាយពេលសិក្សានៅប្រទេសចិនក្នុងរយៈពេលខ្លីប៉ុណ្ណោះកុមារារូបនេះអាចប្រជែងដណ្តើមបានចំណាត់ថ្នាក់លេខ១ប្រចាំថ្នាក់ក្នុងចំណោមសិស្សមកពីបណ្តាប្រទេសនានាជុំវិញសាកលលោកចំនួន១៤នាក់ផ្សេងទៀត។ ការទទួលបានលទ្ធផលនៃការសិក្សាល្អមិនមែនបានមកដោយចៃដន្យទេ គឺកើតចេញពីការខិតខំប្រឹងប្រែងព្យាយាមទាំងអស់។ នេះបើតាមការបញ្ជាក់របស់សាឡិ  កាលពីពេលថ្មីៗនេះ។ យុវសិស្សរូបនេះបញ្ជាក់ថា ផ្តើមពីការចូលសិក្សាកាលពីអំឡុងដើមឆ្នាំ២០១៩មក គឺពិតជាមានការលំបាកខ្លាំង ខណៈដែលខ្លួនចេះនិយាយភាសាចិនខ្លះតាមការនិយាយតគ្នា ប៉ុន្តែការរៀនគឺផ្សេង ទាំងការនិយាយ ហើយបន្ថែមពីការរៀនសរសេរ។សាឡិ ថាខ្លួនបានប្រឹងប្រែងខ្លាំងដើម្បីកុំឲ្យក្រុមគ្រួសារ អ្នកគាំទ្រខកចិត្ត ដែលក្នុងនោះគឺត្រូវប្រឹងប្រែងសិក្សាលើជំនាញភាសា២ព្រមគ្នាគឺទាំងភាសាអង់គ្លេស និងភាសាចិន។ យុវជនវ័យ១៧ ឆ្នាំរូបនេះបញ្ជាក់ថាបច្ចុប្បន្នខ្លួននៅបន្តការសិក្សាតាមអនឡាញសិន ខណៈដែលសាលាមិនទាន់បើកដំណើរការជាផ្លូវការ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ សាឡិថា នៅប្រទេសចិនគឺខ្លួនសិក្សាថ្នាក់ទី១១ ដែលប្រមូលផ្តុំដោយសិស្សចម្រុះជាតិសាសន៍ដូចជនជាតិ អេស្ប៉ាញ បារាំង ជប៉ុន ឡាវ ថៃ អុីតាលី ជាដើម។ ជាដំបូងមានការពិបាកខ្លាំងសូម្បីតែការសរសេរឈ្មោះខ្លួនឯង ព្រោះតែមិនធ្លាប់បានរៀនជាផ្លូវការលើភាសាចិនប៉ុន្តែតាមការប្រឹងប្រែងជាច្រើនខែនិងបានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូខ្លួនទទួលបានចំណាត់ថ្នាក់លេខ១ និងទទួលបានការកោតសរសើរច្រើនពីលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា និងទទួលបានការស្រលាញ់រាប់អានច្រើនពីមិត្តរួមថ្នាក់។អ្វីដែលជាការប្រែប្រួលលើផ្នែកចំណេះដឹងគឺ សាឡិ អាចសរសេរ និងនិយាយភាសាចិនផ្លូវការច្រើនជាងមុនច្រើនពោលគឺខ្លួនអាចសន្ទនាជាមួយជនជាតិចិនបានយ៉ាងល្អប្រសើរ។ សាឡិកាន់តែកក់ក្តៅក្រោយពីឪពុកម្តាយ របស់ខ្លួន បានផ្លាស់ប្តូរមករស់នៅជាមួយលោកឧកញ៉ា ឃិត ឈឿន នៅភ្នំពេញ ហើយក៏ខ្លួនក៏ទទួលបានការលើកទឹកចិត្តច្រើនពីក្រុមគ្រួសារគាត់ផងដែរ។

ដើមឆ្នាំ២០២១ សាឡិ និងវិលទៅសិក្សាបន្តនៅប្រទេសចិន ខណៈដែលយុវសិស្សរូបនេះមានគម្រោងបន្តការសិក្សាលើថ្នាក់មហាវិទ្យាល័យបន្តនៅទីនោះ។ ទោះជាយ៉ាងណាគោលបំណងរបស់សាឡិ គឺការក្លាយខ្លួនជាអ្នកជំនួញម្នាក់ដែលមានលទ្ធភាពនាំយកនូវផលិតផលពីកម្ពុជាដែលបរទេសមិនធ្លាប់មានដូចជាផលិតផលធ្វើអំពីដើមត្នោតជាដើម និងនាំយកមវិញនូវបទពិសោធន៍ថ្មីៗដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស៕ ដោយ៖ វឌ្ឍនា

 


ចែករំលែក៖