អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិស្តីទីអាមេរិក កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ បានប្រកាសកាត់បន្ថយកងទ័ពបន្ថែមទៀតពីអុីរ៉ាក់ និងអាហ្វហ្គានីស្ថាន ក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចេញបញ្ជាឲ្យកាត់បន្ថយកងទ័ព។ព្រោះដំបូងឡើយ លោក ត្រាំ ចង់ដកទ័ពទាំងអស់ពីប្រទេសទាំងពីរនេះ ប៉ុន្តែរងការរិះគន់គ្រប់ទិសទាំងក្នុងចំណោមសមាជិកបក្សសាធារណរដ្ឋខ្លួនឯង។
បើតាមរដ្ឋបាលលោកត្រាំ បានសម្រេចកាត់បន្ថយកងទ័ព២ពាន់នាក់ពីអាហ្វហ្គានីស្ថាននិង៥រយនាក់ពីអុីរ៉ាក់។ ខណៈនៅអាហ្វហ្គានីស្ថានអាមេរិកមានកងទ័ពចំនួន៤ពាន់៥រយនាក់ ចំណែកឯនៅអុីរ៉ាក់វិញអាមេរិក មានកងទ័ព៣ពាន់នាក់។
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ លោក Christopher Miller បានបញ្ជាក់នៅថ្ងៃទី១៧ ខែវិច្ឆិកាថា៖«នៅត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១កងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថានមាន២ពាន់៥រយនាក់ និង២ពាន់៥រយនាក់ដូចគ្នានៅអុីរ៉ាក់»។
ចំពោះការដកទ័ពចេញពីសមរភូមិទាំងនេះ ក៏បានការជំទាស់ខ្លាំងពីសមាជិកសភាអាមេរិកបក្សសាធារណរដ្ឋ។ ប្រធានសម្លេងភាគច្រើនព្រឹទ្ធសភា លោក Mitch McConnell បានលើកឡើងថា អាមេរិកត្រូវប្រយ័ត្នប្រយែងមិនត្រូវកែប្រែគោលនយោបាយការពារជាតិ ឬការបរទេសក្នុងរយៈពេលប៉ុន្មានខែទៅមុខឡើយ។ លោក McConnell ក៏បង្ហាញជំហរប្រឆាំងនឹងការកាត់បន្ថយកងទ័ពនេះ។
ជាមួយគ្នានេះ សមាជិកគណៈកម្មាធិការយោធានៃសភាតំណាង លោកMac Thornberry បានចាត់ទុកការកាត់បន្ថយទ័ពនេះជាកំហុស។លោកបន្តថា ការកាត់បន្ថយទ័ពនៅអាហ្វហ្គានីស្ថាននឹងប៉ះពាល់ដល់ការចរចាជាមួយក្រុមតាលីបង់ ដោយក្រុមនេះមិនទាន់បានបំពេញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនៅឡើយទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters។
ជុំវិញបញ្ហានេះដែរ ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី លោកចូ បៃឌិន ពុំទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ។ ប៉ុន្តែលោកចូ បៃឌិន ធ្លាប់បានលើកឡើងថា អាមេរិកត្រូវតែបញ្ចប់សង្គ្រាមដោយមានការទទួលខុសត្រូវ ដែលអាចធានាការពារការគំរាមទាំងក្នុងស្រុក។បើតាមលោក បៃឌិន ពលរដ្ឋអាមេរិកហត់នឿយនឹងសង្គ្រាម។
ដោយឡែកប្រធានសភាតំណាង លោកស្រី ណាន់ស៊ី ផេឡូស៊ី បានអះអាងថា លោកស្រីបារម្ភពីការកាត់បន្ថយទ័ពដែលគ្មានការសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត NATO ។ លោកស្រីបន្ថែមថា ការដកទ័ពដោយប្រញាប់ប្រញាល់ពេលនេះ នឹងធ្វើឲ្យអាហ្វហ្គានីស្ថានក្លាយជាសម្បុកភេរវកម្មជាថ្មីម្តងទៀត។
គួរបញ្ជាក់ដែរថា បើទោះបីជាលោកប្រធានាធិបតី ត្រាំ ប្រកាសដកទ័ពក្ដី មន្ត្រីមន្ទីរបញ្ចកោណពុំទាន់បញ្ចេញផែនការលម្អិតនៃការដកទ័ពនេះឡើយ។ គេឃើញមានសំណួរជាច្រើនជុំវិញប្រភេទកងទ័ព និងបេសកកម្មបែបណាដែលនឹងត្រូវដកចេញ។ បច្ចុប្បន្ន កងទ័ពអាមេរិកជួយរក្សាសន្តិសុខ ប្រឆាំងភេរវកម្ម និងផ្តល់យោបល់យោធាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មអាល់កៃដា និងក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម៕ដោយ៖ស តារា