ក្រុមម្ចាស់ផ្ទះ Monaco បានយកឈ្នះក្រុមខ្លាំង និងជាអតីតម្ចាស់ជើងឯកលីគកំពូលបារាំង PSG ទាំងលំបាកក្នុងលទ្ធផល៣ទល់២ ដោយបានបាល់ប៉េណាល់ទីនៅចុងម៉ោង សម្រាប់ការប្រកួតសប្តាហ៍ទី១១ នៅលីគកំពូលបារាំង Ligue 1 ។
ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវ PSG រកបាននាំមុខមុន២គ្រាប់ នៅនាទីទី២៥ និងនាទីទី៣៧ (ប៉ាល់ប៉េណាល់ទី) ដោយខ្សែប្រយុទ្ធវ័យក្មេង Mbappé ម្នាក់ឯង។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ Monaco បានព្យាយាមរកគ្រាប់បាល់តាមស្មើវិញ ដោយនៅនាទីទី៥២ និងនាទីទី៦៥ កីឡាករ Volland រកបាន២គ្រាប់ម្នាក់ឯង ធ្វើឲ្យក្រុមម្ចាស់ផ្ទះតាមស្មើ២ទល់២។
ចូលដល់នាទីទី៨៣ កីឡាករ Diallo របស់ក្រុមPSG បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ធ្វើឲ្យអាជ្ញាកណ្តាលពិន័យកាតក្រហមដេញចេញពីការប្រកួត ហើយក៏បានផ្តល់បាល់ពិន័យទៅឲ្យក្រុម Monaco នៅនាទីទី៨៤ ដែលជាការស៊ុតបាល់ពិន័យដោយកីឡាករ Fàbregas ។ ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Monaco យកឈ្នះ PSG ក្នុងលទ្ធផល៣ទល់២។
លទ្ធផលនេះធ្វើឲ្យក្រុម Monaco ឡើងឈរចំណាត់ថ្នាក់លេខ២មាន២០ពិន្ទុ ខណៈដែលក្រុមខ្លាំង PSG បន្តឈរកំពូលតារាងមាន២៤ពិន្ទុ សម្រាប់ការប្រកួតលីគកំពូលបារាំងសប្តាហ៍ទី១១នេះ ៕
ដោយ៖ភារៈ