ប៉ូលិសអាមេរិកបានដាក់ពង្រាយកម្លាំងតាមចាប់ខ្លួនជនដៃដល់ដែលបាញ់ប្រហារនៅមជ្ឈមណ្ឌលផ្សារទំនើបMayfair ក្នុងតំបន់ Wauwatosa រដ្ឋWisconsin បណ្តាលឲ្យមនុស្សជាច្រើនរងរបួស។
សារព័ត៌មាន CBS បានផ្សាយថា កម្លាំងសន្តិសុខទទួលបានការហៅទូរស័ព្ទជាបន្ទាន់ស្តីពីការបាញ់ប្រហារខាងលើនៅវេលាម៉ោង១៥ ថ្ងៃទី២០ខែវិច្ឆិកា (ត្រូវនឹងព្រឹកថ្ងៃទី២១ ម៉ោងនៅកម្ពុជា)។ ពលរដ្ឋនៅក្នុងអគារផ្សារទំនើប Mayfair ទទួលបានសំណើឲ្យភៀសខ្លួនជាបន្ទាន់ទៅកាន់តំបន់មានសុវត្ថិភាព ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតលោក Barry Weberស្នងការប៉ូលិសស្រុក Wauwatosa បានឲ្យដឹងថា សរុបមានមនុស្ស៨នាក់រងរបួស ប៉ុន្តែមិនមានអ្នកស្លាប់ក្នុងហេតុការណ៍នោះឡើយ។
លោកBarry Weberបានបញ្ជាក់ថា តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាជនដៃដល់គឺជាយុវជនស្បែកសមានវ័យពី២០-៣០ឆ្នាំ។ នៅពេលនេះគឺមិនទាន់ដឹងថាខ្មាន់កាំភ្លើងរូបនោះកំពុងលាក់ខ្លួននៅទីណានោះទេ ក្រុមជំនាញកំពុងស្វែងរកចាប់ខ្លួន។ កម្លាំងប៉ូលិសកំពុងឡោមព័ទ្ធទីតាំងផ្សារទំនើបខាងលើ ៕ដោយ៖ធី រីណា