ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងមានវិបត្តិអ្វីទេ បុរសម្នាក់ចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះល្វែងគេទុកចោលនៅព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអ្នកបើកបរគ្រឿងចក្រម្នាក់បានចង.កសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះល្វែងទុកចោល ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ លីម សុភ័ណ្ឌ អាយុ២៧ឆ្នាំ មុខរបរអ្នកបើកគ្រឿងចក្រ ស្នាក់នៅក្នុងការដ្ឋានក្រុមហ៊ុន មួយកន្លែង និងមានស្រុកកំណើតនៅភូមិមហាលាភ ឃុំពាមប្រភ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បើតាមសម្តីកម្មករដែលស្នាក់នៅក្នុងការដ្ឋានជាមួយគ្នាបានឲ្យដឹងថា កន្លងមកបុរសរូបនោះតែងតែផឹកសុីនៅក្នុងការដ្ឋានសប្បាយរីករាយមិនដែលមានបញ្ហាអ្វីនោះទេ ប៉ុន្តែរយ:ពេលប្រមាណ២ថ្ងៃកន្លងមកនេះ គេឃើញអ្នកបើកបរគ្រឿងចក្ររូបនោះមានទឹកមុខស្រងូតស្រងាត់ ដូចជាមានបញ្ហាអ្វីមួយ ដោយគេមិននឹកស្មានថា គាត់គិតខ្លីចង.ក សម្លាប់ខ្លួនបែបនេះទេ។

សមត្ថកិច្ចបានឲ្យដឹងដែរថា យុវជនរូបនោះបានចង.កសម្លាប់ខ្លួនដោយយកក្រមាចងជាប់ទៅនឹងឈើឆ្កាងសម្រាប់យោងគ្រឿងសំណង់នៅជាន់ឡៅតឿ។តាមនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលភ្ញាក់ផ្អើល មានកម្មករស្នាក់នៅការដ្នានបានបើកទ្វារចូលធ្វើការក៏បានប្រទះឃើញសាកសព ហើយបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង ។ ទាក់ទិននឹងការធ្វើអត្តឃាតនេះ គេពុំទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ។
បន្ទាប់ពីកើតហេតុ សពត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យនិងទំនាក់ទំនងទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

ជ្រោយពជ្រ


ចែករំលែក៖