ព័ត៌មានទាន់ហេតុការណ៍៖

ឈុតតំណាងជាតិកញ្ញាឯកផែនដី២០២០លេចចេញមតិមិនពេញចិត្តច្រើន

ចែករំលែក៖

    ភ្នំពេញ៖ លេចចេញការមិនពេញចិត្តរបស់អ្នកគាំទ្រលើវិស័យកញ្ញាឯកជាច្រើនជុំវិញការប្រើប្រាស់ឈុតតំណាងជាតិដែលនៅមិនទាន់បានល្អដូចឆ្នាំកន្លងទៅនោះឡើយ។ មានអ្នកមិនពេញចិត្តខ្លះលើកឡើងថាវាគឺជាឈុតតំណាងជាតិដែលគួរតែជ្រើសរើសឈុតបានល្អជាងនេះ ហើយបើមិនបានល្អជាងឆ្នាំកន្លងទៅក៏ប្រហាក់ប្រហែលដែរ ហើយឈុតមួយនេះគឺពិតជាសាមញ្ញ ដែលគេធ្លាប់ឃើញសម្អាងការមួយចំនួនបានប្រើប្រាស់ឈុតប្រហាក់ប្រហែលគ្នានេះក្នុងពិធីមង្គលការផងដែរ។

កញ្ញា ហេង សុទ្ធនិស្ស័យ បានក្លាយជាកញ្ញាឯកផែនដីកម្ពុជាឆ្នាំ២០២០ និងក្លាយជាបេក្ខភាពតំណាងកម្ពុជាក្នុងការចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯកផែនដីពិភពលោក២០២០ ដែលនឹងត្រូវធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ។ នាងបានក្លាយជាបេក្ខនារីដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់​និងប្រកបដោយសក្កដានុពលគឺក្រោយពីនាងបានបង្ហាញទាំងរូបសម្រស់ និងសមត្ថភាពនៃការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរនោះ។ បើទោះជាយ៉ាងណាតាមការបង្ហាញឈុតទាំងនេះនៅបណ្តាញសង្គម បេក្ខនារីរូបនេះក៏ទទួលបានការលើកទឹកចិត្តច្រើនពីអ្នកគាំទ្រក្នុងស្រុក។

ទោះជាយ៉ាងណាកម្មវិធីMiss Earth 2020 នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់អំពីពេលវេលា និងការប្រកួតនៅប្រទេសនាមួយនៅឡើយ ខណៈដែលស្ថិតក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ កម្មវិធីនេះអាចទំនងជាត្រូវបានប្រកួតលើបណ្តាញសង្គម ដែលការប្រកួតក្នុងការណែនាំខ្លួន ការសួរសំណួរ និងការប្រកួតរូបសម្រស់លើឈុតសំខាន់ៗមួយចំនួនបានចាប់ផ្តើមធ្វើរួចហើយ ដែលការប្រកាសលទ្ធផលលើការប្រកួតមួយចំនួននឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។

គួរបញ្ជាក់ដែរថាកញ្ញាឯកផែនដីគឺជាព្រឹត្តិការណ៍ប្រកួតសម្រស់ភ្ជាប់ដោយបរិស្ថានអន្តរជាតិមួយដែលបានបញ្ជូនឧស្សាហកម្មទេសចរណ៍និងចូលរួមលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ខណៈដែលប្រធានបទសំខាន់ៗអំពីបរិស្ថានត្រូវបានផ្លាស់ប្តូរជារៀងរាល់ឆ្នាំ។អ្នកឈ្នះពានរង្វាន់ MISS EARTH ក៏នកឹងក្លាយខ្លួនជាឯកអគ្គរដ្ឋទូតនៃយុទ្ធនាការការពារបរិស្ថានទូទាំងពិភពលោកផងដែរ។ ហេង សុទ្ធនិស្ស័យ បេក្ខនារីតំណាងកម្ពុជាមានអាយុ ២៤ ឆ្នាំ កម្ពស់ ១,៧០ម៉ែត្រនាងបានបញ្ចប់ការសិក្សាលើជំនាញទំនាក់ទំនងអន្តរជាតិ។ នាងបានបង្ហាញសមត្ថភាពដ៏ភ្ញាក់ផ្អើលការឆ្លើយសំណួរនិងបានត្រៀមខ្លួនបានយ៉ាងល្អក្នុងឆ្លើយតបសំណួរបស់គណកម្មការដែលផ្តោសំខាន់លើបរិស្ថាន ។ នាងទទួលបានមេដាយមាសម្តងរួចមកហើយលើការប្រកួតនេះតាមរយៈកម្មវិធី Earth Talk លើប្រធានបទ”វិទ្យាសាស្ត្រធម្មជាតិ” នោះ៕

ដោយ៖វឌ្ឍនា

 


ចែករំលែក៖