ដើមឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា « កុំឲ្យយកស្រីប្ដីលែង និងស្រីសៅកែ ឲ្យយកតែស្រីក្រមុំព្រហ្មចារី និងមេម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ ហើយកុំឲ្យយកក្លើនឹងមនុស្សគ្រូបី » តែមិនដូច្នោះ បុរសនោះបានយកស្រីទាំង ៤ នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេច ទៅរកស៊ីក្បែរផ្ទះបុរសនោះ, ឯបុរសនោះ គិតពិសោធមើល ក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយ ហើយដាក់ចំណីបាយទឹកឲ្យក្ងោកនោះស៊ី រួចបុរសយកមាន់គកមួយ ទៅកាប់ធ្វើម្ហូបបរិភោគ ។ ពេលនឹងបរិភោគបុរសនោះ បានយកប្រពន្ធទាំង ៤ និងក្លើនោះ ទៅបរិភោគទាំងអស់គ្នា ។ កំពុងតែស៊ីក៏ធ្វើជាភ្លក់ និយាយថា «នេះគឺជាសាច់ក្ងោកមាសស្ដេច ដែលអញបានលួចកាប់យកមកស៊ី » ។
ក្រោយពីនោះ ដល់បាត់ក្ងោក ស្ដេចឲ្យប៉ាវគងសួររកក្ងោកនោះ ។ នាងស្រីប្ដីលែង និងនាងស្រីសៅកែ និយាយទៅនាងក្រមុំ និងនាងប្ដីស្លាប់ថា «ឲ្យប្រាប់ទៅពួកអ្នកប៉ាវគងទៅ ! ថាប្ដីយើងបានលួចកាប់ក្ងោករបស់ស្ដេច យកសាច់ស៊ីកុំទៅជួយបិទបាំងថ្វី ឲ្យវាងាប់ទៅចុះ ព្រោះវាធ្វើបាបវាយជេរ យើងខ្លាំងណាស់ » ។ ស្រីក្រមុំនិងស្រីប្ដីស្លាប់អង្វរទៅវិញថា «កុំធ្វើបាបប្ដីរបស់ខ្លួនដូច្នោះមិនល្អទេ » ។ ស្រីសៅកែ និងស្រីប្ដីលែងថា «ទោះបីនាងមិនចូលគំនិតនឹងយើង ក៏គង់តែយើងប្ដឹងអ្នកប៉ាវគងដែរ» ថាហើយ ស្រីទាំងពីរនាក់នោះប្ដឹងអ្នកប៉ាវគងតាមដំណើរថា «ប្ដីខ្លួនលួចក្ងោកស្ដេចយកសាច់ស៊ី» គ្រាន់តែឮដូច្នោះភ្លាម ពួកអ្នកប៉ាវគង ក៏ចាប់យកបុរសនោះ ទៅថ្វាយស្ដេចទូលតាមដំណើរ ។ ស្ដេចឲ្យនាំបុរសនោះទៅពិឃាដ , លុះទៅដល់មាត់ទ្វារវាំង អ្នកចាំទ្វារ ពុំព្រមបើកទ្វារ សួរថា «អ្នកនាំមនុស្សទោសនេះមក តើបានជំនុំជម្រះហើយឬនៅ?» ហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថា :
កាលនោះមានសេដ្ឋីម្នាក់ ចិញ្ចឹមឆ្កែ ៥០០, វេលាយប់មួយ មានចោរជីកឧម្មង្គចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះ ហើយចូលទៅក្នុងឧម្មង្គវិញទាំងអស់ ។ ឆ្កែរបស់សេដ្ឋីដឹង បាននាំគ្នាវាទៅខាំចោរក្នុងឧម្មង្គនោះស្លាប់ទាំងអស់, លុះព្រឹកឡើងមហាសេដ្ឋី ឃើញបាត់ទ្រព្យសម្បត្តិដូច្នោះ នឹកខឹងនឹងឆ្កែថា «មិនចេះចាំរបស់ ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅ» លុះធំអសោចិ៍ខ្មោចចោរឡើងទៅមើលឃើញចោរស្លាប់ដូច្នោះ ក៏នឹកស្ដាយក្រោយ ។
កំពុងតែនិយាយ ឃើញបម្រើស្ដេច ដែលទ្រង់ព្រះរាជបញ្ជា ឲ្យទៅយកបុរសនោះមកជំនុំជម្រះវិញ ។ លុះស្ដេចសួរបុរសនោះ ពីរឿងសម្លាប់ក្ងោកមាស, បុរសក្រាបទូលថាក្ងោកនោះ ទូលព្រះបង្គំមិនបានសម្លាប់ទេ គឺបានទុកនៅកន្លែងមួយដោយល្អ , ឯសត្វដែលទូលព្រះបង្គំជាខ្ញុំសម្លាប់ ទទួលព្រះរាជទាននោះគឺមាន់គកទេ » ។ ស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញ ហើយទ្រង់លើកលែងទោសបុរសនោះ ។ ឯស្រីទាំងពីរនាក់ដែលប្ដឹងពីបុរសជាប្ដី ថាសម្លាប់ក្ងោកនោះ ត្រូវបុរសជាប្ដីនោះលែងចោលទៅ ៕
(ចង់ដឹងផលពិត ត្រូវពិនិត្យរកហេតុ)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)