ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញបានរកឃើញភេសជ្ជៈបាកាសក្លែងក្លាយ និងទំនិញច្រើនមុខទៀតហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារស្វាយជ្រំ នាព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅក្នុងឃុំ/ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ។
លោកផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានឱ្យដឹងថា លោកបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារនិងទំនិញវេចខ្ខ្ចប់ស្រាប់នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ ស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។
ដោយសកម្មភាពការងារត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ប្រភពបន្តថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា ពពុះសណ្តែកចំនួន១០គ.ក្រ. មានសារធាតុ ( Borax )ទឹកភេសជ្ជៈ បាកាសចំនួន៤កេស( ក្លែងក្លាយនិងហួសកាលបរិច្ឆេទប្រើប្រាស់ ), ទឹកក្រូចដបចំណុះ១,៥០លីត្រចំនួន៦យួរ ស្មើនឹង៣៦ ដប, នំធុងចំនួន២ធុង,ទឹកត្រចៀកកាំ ចំនួន២កេស,ទឹកដោះគោឆៅម៉ាកអេរ៉ាហ្គោលចំនួន១៦យួរ។
ប្រភពបន្តថា ក្រោយពីពិនិត្យរួចមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ៕ យឺម សុថាន