ព័ត៌មានទាន់ហេតុការណ៍៖

ចិន និង​ជប៉ុន ឯកភាពគ្នា​បើក​ការធ្វើដំណើរ​របស់​អ្នកជំនួញ​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារតែ​កូ​វីដ​-១៩ ឡើងវិញ

ចែករំលែក៖

អន្តរជាតិ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងទីប្រឹក្សារដ្ឋចិន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បានធ្វើទស្សនកិច្ចនៅជប៉ុន បានជួបជជែកជាមួយសមភាគីជប៉ុន លោក Toshimitsu Motegi ដោយបានឯកភាពគ្នារវាងចិន និងជប៉ុន បានយល់ព្រមបន្តជជែកគ្នាលើបញ្ហាជម្លោះសមុទ្រចិនខាងកើតនិងយល់ព្រមបើកការធ្វើដំណើររបស់អ្នកជំនួញដែលកំពុងរងផលប៉ះពាល់ដោយសារតែកូវីដ​-១៩ឡើងវិញ

ប្រមុខការទូតជប៉ុន លោក Motegi បានលើកឡើងបន្ទាប់ពីជំនួបជាមួយលោក វ៉ាង យី យ៉ាងដូច្នេះថា៖ «​ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងជួយស្តារសេដ្ឋកិច្ចចិន និងជប៉ុនឡើយវិញ និងពង្រឹងការយោគយល់គ្នាទៅវិញទៅមក​»​ ជុំវិញនឹងការបើកការធ្វើដំណើរឡើងវិញនេះរដ្ឋមន្ត្រីប្រទេសទាំងពីរ បានឯកភាពគ្នាមិនឲ្យមានការដាក់ត្តាឡីស័ករយៈពេល ១៤ថ្ងៃ លើអ្នកជំនួញ បុគ្គលិកក្រុមហ៊ុនដែលមានមុខជំនួញនៅក្នុងប្រទេសទាំងពីរឡើយ

រដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន ក្រៅពីបញ្ហាមុខជំនួញទ្វេភាគី ក៏បានជជែកគ្នាពីបញ្ហាសមុទ្រចិនខាងកើតផងដែរជុំវិញប្រជុំកោះ Senkaku ក្នុងភាសាជប៉ុន ​Diaoyu ជាភាសាចិន ក្នុងប្រធានបទនេះ ភាគីទាំងពីរ សុទ្ធតែអះអាងថា ប្រជុំកោះខាងលើ គឺជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែក្រុងប៉េកាំង និងក្រុងតូក្យូ ក៏បានថយមួយជំហានដែរ តាមរយៈការបន្តជជែកពិភាក្សាគ្នាដោយសន្តិវិធី

បើតាមលោក Motegi ក៏បានលើកឡើងថា ជប៉ុន ទទូចឲ្យភាគីចិន បង្ហាញកាយវិការជាវិជ្ជមាន ខណៈ កន្លងមក នាវាល្បាតចិន តែងតែចូលមកក្នុងតំបន់ដែនទឹកដែលជប៉ុនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ចំណែកលោកវ៉ាង យី ក៏បានអះអាងដែរថា ចិននឹងបន្តការពារទឹកដី និងអធិបតេយ្យរបស់ខ្លួន ប៉ុន្តែចិន ក៏បន្តជជែកជាមួយជប៉ុនដោយសន្តិវិធីផងដែរ

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ បាននិយាយថាប្រមុខការទូតចិន លោក វ៉ាង យី ការខិតខំរួមគ្នារវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ នឹងធ្វើឲ្យតំបន់សមុទ្រចិនខាងកើត ក្លាយជាសមុទ្រសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ ជាមួយគ្នានេះ ប្រមុខការទូតជប៉ុនក៏បានបង្ហាញពីការព្រួយបារម្ភមួយចំនួនជុំវិញការវិវឌ្ឍនៃសកម្មភាពនយោបាយនៅក្នុងទីក្រុងហុងកុងផងដែរ

សូមជម្រាបថា នៅក្នុងខែវិច្ឆិកានេះ ចំពោះការបើកការធ្វើដំណើររបស់ធុរជននឹងជួយសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ដែលកំពុងតែរងគ្រោះដោយសារតែកូវីដ​-១៩ បន្ទាប់ពីចំណាត់ការបែបនេះ បានធ្វើឲ្យក្រុមហ៊ុនជប៉ុនមួយចំនួន ដែលរកស៊ីនៅក្នុងប្រទេសចិន សាទរយ៉ាងខ្លាំង ព្រោះវាជួយកាត់បន្ថយការរាំងស្ទះនៃការធ្វើដំណើររបស់បុគ្គលិក្រុមហ៊ុន

គួរបញ្ជាក់ថា លោក វ៉ាង យី ក្នុងការធ្វើទស្សនកិច្ចរបស់លោក គឺជាការផ្លាស់ប្ដូរកម្រិតខ្ពស់ដំបូងបំផុតរវាងចិន និងជប៉ុន ក្រោយលោក ស៊ូហ្កាយូស៊ីហ៊ីដេ ចូលកាន់តំណែងមក ប្រធានបទសំខាន់មួយទៀតរបស់លោក វ៉ាង គឺការរៀបចំជំនួបកំពូលមេដឹកនាំចិន ជប៉ុន កូរ៉េខាងត្បូងនៅពេលខាងមុខដោយ៖ស តារា

 


ចែករំលែក៖