ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាម ព្រមដាក់កីឡាជឺជិតស៊ូក្នុង SEA Games 2021 តាមសំណើកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតកីឡាជឺជិតស៊ូ ដែលជាប្រភេទកីឡាដ៏មានសក្ដានុពលរបស់កម្ពុជា នឹងបន្ដមានវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាឆ្នាំ២០២១ នៅប្រទេសវៀតណាម បន្ទាប់ពីម្ចាស់ផ្ទះបានយល់ព្រមតាមសំណើកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក វ៉ាត់ ចំរើន ថ្លែងប្រាប់ក្រោយកិច្ចប្រជុំ តាមវីដេអូអនឡាញ ឬ Video Conference ជាមួយគណៈកម្មការរៀបចំ ការប្រកួតកីឡា ស៊ីហ្គេមឆ្នាំ២០២១ និងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាកីឡា ស៊ីហ្គេម ក្នុងចំណោមប្រភេទកីឡា ដែលកម្ពុជាបានស្នើដាក់បញ្ចូលក្នុងស៊ីហ្គេមឆ្នាំក្រោយ វៀតណាមបានឯកភាពលើកីឡាជឺជិតស៊ូមួយហើយ ខណៈកីឡា ២ប្រភេទទៀតកម្ពុជាកំពុងបន្ដតវ៉ា រួមមានកីឡាសូហ្វតេនីស និងកីឡាម៉ូតូទឹក។ លើសពីនេះកម្ពុជា បានស្នើម្ចាស់ផ្ទះវៀតណាម ក្នុងការបន្ថែមវិញ្ញាសា ស្របតាមនិយាមអន្តរជាតិ នៃប្រភេទកីឡាប៉េតង់ និងកីឡាវ៉ូវីណាមផងដែរ បន្ទាប់ពីកីឡាទាំង ២ប្រភេទនេះត្រូវបានដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ រួចរាល់ តែពុំទាន់មានវិញ្ញាសាគ្រប់តាមស្តង់ដារ របស់សហព័ន្ធអន្តរជាតិនៅឡើយ។

ចំពោះសំណើទាំងអស់វៀតណាមបានទទួល និងដាក់ទៅរដ្ឋអំណាចកីឡារបស់ខ្លួន ដើម្បីសម្រេចចុងក្រោយនាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ចំពោះកីឡាជឺជិតស៊ូនេះគឺជាលើកទី២ ហើយដែលកម្ពុជាបានចូលរួមប្រកួតនៅស៊ីហ្គេម បន្ទាប់ពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយម្ចាស់មេដាយមាសកីឡាអាស៊ី កញ្ញា ខាន់ ចេសា  ដណ្ដើមបានមេដាយមាស ១គ្រឿង។ ដូច្នេះការដាក់ក្នុងស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម កម្ពុជាក៏រំពឹងខ្ពស់ក្នុងការដណ្ដើមយកមេដាយមាសបន្ដទៀតដែរ។ ចំពោះការប្រកួតគ្រោងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ដែលអាចនឹងមានប្រភេទកីឡាជាង ៤០ ចូលរួមការប្រកួតដ៏ធំនេះ៕

ប្រភព៖ ទទក


ចែករំលែក៖