ភ្នំពេញ៖ រថយន្តស៊េរីទំនើបបុករថយន្តព្រូសចំពាក់កណ្ដាលតួពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងរងរបួសធ្ងន់និងស្រាលមនុស្ស៤នាក់ ចំណែករថយន្តបង្កព្យាយាមបើករត់តែត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់បានវិញ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនគាត់បានបើករថយន្តម៉ាកតូយ៉ូតាព្រូសពាក់ស្លាកលេខភ្នំពេញ 2AM-8529រួមដំណើរគ្នាបួននាក់បើកតាមតាមបណ្ដោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទោត្បូងខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាក Toyota Alphard ពាក់ស្លាកលេខភ្នំពេញ 2AG-8998 បើកក្នុងទិសដៅពីលិចទៅកើតក្នុល្បឿនលឿនមកបុកចំពាក់កណ្តាលរថយន្តរបស់គាត់ពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាលបួននាក់។ ចំណែកឯជនបង្កក៏បានព្យាយាមបើករត់គេចតែត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់បាន។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ