ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋថៃ​ដង្ហែក្បួនទប់ស្កាត់ការធ្វើរដ្ឋប្រហារជាថ្មី​

ចែករំលែក៖

ពលរដ្ឋថៃរាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួន​នៅថ្ងៃទី​២៧ខែវិច្ឆិកា អំពាវនាវឲ្យបញ្ចប់ការធ្វើរដ្ឋប្រហារ​នៅក្នុងប្រទេសនេះក្រោយពេលមានពាក្យចចាមអារ៉ាមថា នឹងមានការធ្វើរដ្ឋប្រហារជាថ្មីទម្លាក់​រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា​។
សារព័ត៌មាន Channel News Asia បានផ្សាយថា ក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា អតីតមេទ័ពដែលដឹកនាំធ្វើរដ្ឋប្រហារក្នុងឆ្នាំ​២០១៤ លាលែងចេញពីតំណែង ។ ​ប៉ុន្តែក្រុមបាតុករទាមទារឲ្យលាលែងចេញពីតំណែងដោយសន្តិភាព មិនមានការធ្វើរដ្ឋប្រហារទម្លាក់ ហើយមេទ័ពផ្សេងឡើងដឹកនាំបន្តនោះឡើយ។
តាំងពីខែកក្កដា​មកទល់ពេលនេះ​ថៃមានបាតុកម្មកើតឡើងរាល់សប្តាហ៍​ប្រឆាំងរដ្ឋាភិបាល និងទាមទារកែទម្រង់ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​។ បាតុករមួយរូប​បាននិយាយទៅកាន់សារព័ត៌មាន AFPថា «នេះជាពេលវេលាដែលមានវិបត្តិក្នុងទីក្រុងបាងកកនិងប្រទេសថៃ ។ ខ្ញុំចង់ឲ្យមានការបោះឆ្នោតថ្មី​ដើម្បីផ្លាស់ប្តូរនាយករដ្ឋមន្ត្រីដែលចេះស្តាប់​ពលរដ្ឋ​»។
ចាប់តាំងពីផ្លាស់ប្តូររបបដឹកនាំ​ប្រជាធិបតេយ្យនៅឆ្នាំ​១៩៣២មកទល់ពេលនេះ ថៃបានឆ្លងកាត់ការធ្វើរដ្ឋប្រហារ បានសម្រេច​ដល់ទៅ​១៣លើកមកហើយ៕ដោយ៖ធី រីណា


ចែករំលែក៖