ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ នៅក្រសួងមហាផ្ទៃ, ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា

ចែករំលែក៖

ភ្នំពេញ៖ អ្នកពាក់ព័ន្ធជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងក្រុមគ្រួសារ ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវទៅធ្វើតេស្ដរកជំងឺនេះដូចគ្នានៅទីស្ដីការក្រសួងមហាផ្ទៃ ខណៈសម្ដេចផ្ទាល់ក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នាផងដែរ។ នេះជាសារអំពាវនាវ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យលោក ឆែម សាវុធ ត្រូវអំពាវនាវបន្ដដល់អ្នកដែលបានរួមធ្វើការ ឬមានទំនាក់ទំនងដោយផ្ទាល់ជាមួយខ្លួន ត្រូវភ្ញាក់រលឹកទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា។
សូមជម្រាបថា៖ តាមរយៈសារសំឡេងដែលផ្ញើជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គឺសម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «មន្ដ្រីយើងទាំងអស់ណាដែលមានការជាប់ពាក់ព័ន្ធ ធ្វើការជាមួយ លោក ឆែម សាវុធ សុំទៅក្រសួង (សាលប្រជុំ S) ដើម្បីគេយកសំណាកទៅពិនិត្យ»។

គួរជម្រាបថា ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួងមួយ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយក្នុងនោះលោក ឆែម សាវុន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក៏បានចូលរួមផងដែរ។ បន្ថែមពីនេះ ក៏មានថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងប្រធានស្ថាប័នមួយចំនួនទៀត ចូលរួមប្រជុំនោះដែរ។ ក្នុងនោះ លោក គឹម សន្តិភាព សម្រេចដាក់ខ្លួនដាច់ដោយឡែក បន្ទាប់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារដែលមានវិជ្ជមានCovid-19 ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានបង្ហោះលើ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា៖ ខ្ញុំសូមគោរពជម្រាបជូនបងប្អូន មិត្តភ័ក្រ មេត្តាជ្រាបថា៖ ដោយខ្ញុំបាទបានចូលរួមក្នុងកិច្ចប្រជុំមួយនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលក្នុងនោះក៏មានវត្តមានលោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារដែលមានវិជ្ជមានCovid-19។

លោកបន្តថា៖ ហេតុដូច្នេះ ដើម្បីអនុវត្តតាមការណែនាំពីក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ខ្ញុំបានដាក់ខ្លួនដាច់ដោយឡែកតាំងពីទទួលបានដំណឹងភ្លាមអំពីការពាក់ព័ន្ធនេះ ហើយព្រឹកនេះខ្ញុំក៏នឹងទៅទទួលយកការពិនិត្យលើកទីមួយតាមការរៀបចំរបស់ក្រសួងសុខាភិបាល បន្ទាប់មកខ្ញុំបាទនឹងបន្តអនុវត្តវិធានចត្តាឡីស័កអោយបានត្រឹមត្រូវ និងគ្រប់រយៈពេល១៤តាមការកំណត់៕

ដោយ៖ សិលា


ចែករំលែក៖