ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ចំនួនអ្នកពុលស្រា.ស បន្តកើនឡើងដល់១០៥នាក់និងស្លាប់កើនឡើងដល់៥នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បើតាមរបាយការណ៍ចុងក្រោយរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គិតត្រឹមម៉ោង១៧ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង   បានបញ្ជាក់ក្នុងរបាយការណ៍នេះ ថា ករណីពុលស្រា នៅស្រុកទឺកផុស ខេត្តកំពង់ឆ្នាំង បន្តកើនឡើងរហូតដល់ ១០៥នាក់ ចំណែកអ្នកស្លាប់ បានកើនឡើដល់៥នាក់ គឺស្លាប់នៅមន្ទីពេទ្យ១នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញចំនួន២នាក់ និងស្លាប់នៅមូលដ្ឋានផ្ទាល់ចំនួន២នាក់  បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១០១នាក់ ។

ករណីនេះក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា បានចាត់ក្រុមការងារមួយក្រុម ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយបន្ទាន់នូវករណីពុលស្រាសនេះ និងបានអំពាវនាវប្រជាពលរដ្ឋកុំពិសាស្រាស ដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសផុតពីការពុល ដែលធ្វើឲ្យបាត់បង់ជីវិត។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានមនុស្សប្រុស ស្រីជាច្រើននាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានដឹកមកសង្រ្គោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ដោយសារពួកគាត់មានអាការ:ឈឺក្បាល វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់នាំគ្នាផឹកស្រាស និង ស្រាថ្នាំ ពេលកំដរបុណ្យសព ។ ដោយឡែក អ្នកដែលមានអាការៈធ្ងន់ធ្ងរបានបញ្ជូនបន្តទៅសង្រ្គោះនៅភ្នំពេញផងដែរ  ដោយ៖ចន្ថា


ចែករំលែក៖