អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះថា អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន ៣២៦នាក់ ត្រូវបានរកឃើញថាមានពាក់ព័ន្ធជាមួយស្រ្តី ត្រឡប់មកពីមីយ៉ាន់ម៉ាវិញ ដែលមិនបានដាក់ចត្តាឡីស័ក និងមានផ្ទុកកូវីដ–១៩ ។
អាជ្ញាធរថៃ កាលពីថ្មីៗនេះ បានរាយការណ៍ថា ស្រ្តីម្នាក់ ដែលត្រឡប់មកពីមីយ៉ាន់ម៉ាវិញ និងមិនបានធ្វើចត្តាឡីស័ក មានផ្ទុកកូវីដ–១៩ ហើយស្រ្តីរូបនេះបានទៅកន្លែងច្រៀងកម្សាន្ត ហាងទំនិញ រោងភាពយន្ត ជិះមធ្យោបាយដឹកជញ្ជូនសាធារណៈ និងប្រើប្រាស់សេវារថយន្តរបស់Grab។ មិនតែប៉ុណ្ណោះ ថៃ បានបញ្ចេញព័ត៌មានទាក់ទិននឹងស្រ្តីវ័យ ២៩ឆ្នាំ ជាច្រើនផ្សេងទៀត ដើម្បីទប់ស្កាត់កូវីដ–១៩ ។
ដោយឡែកអភិបាលខេត្តឈៀងម៉ៃ លោក Charoenrith Sa-nguansat នៅក្នុងថ្ងៃដែលរកឃើញមានអ្នកឆ្លងកូវីដ-១៩នោះ ក៏បានបញ្ជាឲ្យបិទផ្សារទំនើបCentral Festival Chiangmai និងកន្លែងផ្សេងទៀតបណ្តោះអាសន្នសិន ដើម្បីសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ។យ៉ាងណាក៏ដោយ ផ្សារទំនើបនឹងបើកធម្មតាវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា៕ដោយ៖ស តារា