ការប្រកួតកាលពីយប់មិញនៃក្របខ័ណ្ឌ UEFA Champions League វគ្គជម្រុះតាមពូលបានរកឃើញក្រុមចំនួន២ទៀតឡើងវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool និងក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto។ នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយsoccerway, livescore និងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុម Ajax ក្នុងលទ្ធផល ១ទល់០ បានបន្តឈរលេខ១ក្នុងពូលD ធ្វើឲ្យក្រុមនេះមានសិទ្ធិពេញលេញក្នុងការឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដែលក្រុមនេះធ្លាប់ធ្លាក់ក្នុងវគ្គជម្រុះតាមពូលនេះនៅរដូវកាលមុន។
ចំណែកក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto ក៏មានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយដែរ បើទោះបីជាស្មើជាមួយក្រុមមេឃខៀវ Manchester City កាលពីយប់មិញក៏ដោយ ព្រោះក្រុមPorto ឈរលេខ២ក្នុងពូលC មាន១០ពិន្ទុ ដែលដាច់ពិន្ទុក្រុមលេខ៣ OlympiakosPiraeus ដែលមានតែ៣ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតវគ្គជម្រុះតាមពូល Champions League នៅសល់តែ១ប្រកួតទៀត។
គួររំលឹកថា កាលពីប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League ក្នុងខែវិច្ឆិកាកន្លងទៅ បានរកឃើញ៦ក្រុមរួចមកហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយក្នុងមានក្រុម Bayern Munich, Manchester City, Sevilla, Chelsea, Barcelona និងក្រុម Juventus ។ ចំណែកលទ្ធផលកាលពីយប់មិញបានរកឃើញ២ក្រុមទៀតគឺសរុប៨ក្រុមហើយដែលឡើងទៅវគ្គ១៦ក្រុម នៅដល់៨ក្រុមទៀត ដែលការប្រកួតនៅយប់នេះនឹងមានក្រុមផ្សេងទៀតឡើងទៅវគ្គបន្តជាមួយក្រុមទាំង៨នេះដែរ ៕ដោយ៖ភារៈ