ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ ខណៈរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សទាំងកំរោល នៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់

ចែករំលែក៖

អន្តរជាតិ៖ រថយន្ត Ranger Rover មួយគ្រឿង ពណ៌ប្រផេះ បានបើកបរក្នុងល្បឿនយ៉ាងលឿនទៅបុកហ្វូងមនុស្ស ដែលកំពុងដើរបណ្តាលឲ្យពួកគេប៉ើងទៅលើអាកាស នៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់និង ១៥នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

ដោយឡែកជុំវិញករណីខាងលើនេះ តាមរយៈសារបង្ហោះនៅលើ Twitter មន្ត្រីប៉ូលីស បាននិយាយថា អាជ្ញាធរប៉ូលីសបានទៅដល់កន្លែងកើតហេតុជាមួយនឹងសេវាកម្មបន្ទាន់ ហើយបានស្នើសុំឲ្យប្រជាពលរដ្ឋចៀសឆ្ងាយពីទីតាំងកើតហេតុនោះ។

ជាមួយគ្នានេះ អ្នកនាំពាក្យប៉ូលីស បាននិយាយថា រថយន្តត្រូវបានបញ្ឈប់ហើយអ្នកបើកបរក៏ត្រូវបានឃាត់ខ្លួនផងដែរ។ ប៉ុន្តែ ភ្លាមៗនោះគេមិនទាន់ដឹងអំពីមូលហេតុ នៅពីក្រោយហេតុការណ៍នេះនៅឡើយទេ៕ដោយ៖សតារា


ចែករំលែក៖