ព័ត៌មានទាន់ហេតុការណ៍៖

ល្បីថា៖ អភិបាលរងខណ្ឌប្ញស្សីកែវនិងកម្លាំងបញ្ជាការឯកភាពខណ្ឌជាង១០នាក់ ត្រូវ PM ចាប់បង្ខាំង , តែលោក រ័ត្ន ស្រ៊ាង បញ្ជាក់ថា៖ មិនមែនករណីអ៊ីចឹងទេ ! (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម Facebook ខណៈល្បីថា៖ លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ប្ញ​ស្សី​កែវ​និង​កងកម្លាំង​នៃ​បញ្ជាការ​ឯកភាព​ខណ្ឌ​ប្ញ​ស្សី​កែវ​ចំនួន​១៣​នាក់​ទៀត ត្រូវ​បាន​កងកម្លាំង​កងរាជអាវុធហត្ថ ដែល​ដាក់​គោលដៅ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ឬ​ស្សី​កែវ ចាក់សោរ ​ឃាត់ខ្លួន ខណៈ​លោក​អភិបាលរង​ខណ្ឌ​រូប​នេះ​បាន​ដឹកនាំ​កងកម្លាំង​នៃ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ទៅ​ឃាត់​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​របស់​រដ្ឋ ។ 

​សូមជម្រាបថា៖ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ ធ្នូ ២០២០ នៅ​ចំណុច​អតីត​ក្រុមហ៊ុន​ម៉ាក​វ៉ែ​ល តាម​ផ្លូវជាតិ​លេខ​៥ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។ តែមិនមានប្រភពណាមួយបញ្ជាក់អោយលម្អិតជាផ្លូវការក្នុងសកម្មភាពនេះនៅរសៀលថ្ងៃទី២ ខែធ្នូ ដដែលនោះ។ 

​ដោយឡែកប្រភពខ្លះ​បានអោយ​ដឹង​ទៀត​ថា ៖ នៅ​វេលា​កើតហេតុ​ខាងលើ គេ​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ប្រមាណ​ជាង​២០​នាក់ បាន​ចេញពី​គោលដៅ​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​របស់​រដ្ឋ​ព្រមទាំង​ចាក់សោ​បង្ខាំង​មន្ត្រីរាជការ​របស់​សាលា​ខណ្ឌ​ទាំងអស់​ចំនួន ១៣​នាក់ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ម្នាក់ គឺលោក ប្រាជ្ញ សីហា។ ប៉ុន្តែភ្លាមៗនោះ អង្គភាព «នគរដ្រេហ្គន»មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ពីលោក ប្រាជ្ញ សីហា ខណៈទូរស័ព្ទត្រូវបានបិទ។ 

​សូមបញ្ជាក់ថា៖ ប្រភពខ្លះបានបង្ហើបថា៖  បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង លោក ប្រាជ្ញ សីហា ក៏​បាន​រាយការណ៍​ទៅ​អភិបាល​ខណ្ឌ និង​ឃើញ​កម្លាំង​នគរបាល​ជា​ច្រើន​នាក់​ទៅ​អន្តរាគមន៍ ដោយ​មានការ​សម្របសម្រួល​ពី​លោក ជា ពិសី អភិបាល​ខណ្ឌ ទើប​កម្លាំង​កងរាជអាវុធហត្ថ បាន​បើកទ្វារ​អោយ​ចេញ​វិញ​។​

ក្រោយ​ពេល​អាជ្ញាធរ និង​សមត្ថកិច្ច ចេញ​បាន​បន្តិច​គេ​ឃើញ កម្លាំង​កងរាជអាវុធហត្ថ​២​រថយន្ត ប្រដាប់​ដោយ​អាវុធ​ខ្លី វែង បាន​ទៅ​អន្តរាគមន៍​នៅ​ទី​កើតហេតុ​ផង​ដែរ ។​

​បើ​តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដី​អតីត​ក្រុមហ៊ុន​ម៉ាក់​វែ​ល ជា​ដី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​ប្រគល់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្ថានប​នា​សួនច្បារ​ចាប់ពី​ស្ពាន​ជ្រោយចង្វារ ទៅ​ដល់​មុខ​អតីត​សួនច្បារ សូ​គី​ម៉ិច​តែ​គម្រោង​សួនច្បារ​មិន​ដំណើរការ​ក៏​ទុក​ចោល​។​

​ប្រភពដដែលបញ្ជាក់ថា៖ ក្រោយមក​ដី​នោះ ត្រូវ​កងរាជអាវុធហត្ថ ផ្ទៃ​ប្រទេស​សុំ​ខ្ចី​ដាក់​ចំណតទូក ។ នៅ​ពេល​ថ្មី​នេះ​តាម​ព័ត៌មាន​អោយ​ដឹង​ថា ដី​នោះ​បាន​ទៅ​លើ​ក្រុមហ៊ុន​មួយ ស្រាប់តែ​ឃើញ​កងរាជអាវុធហត្ថ​ក៏​បាន​បុក​គ្រឹះ​ប្រុង​ធ្វើ​សំណង់​រឹង​មាំ​ទើប​អាជ្ញាធរ​ចុះ​ទៅ​ឃាត់​ក៏​មានរឿង​កើតឡើង​តែ​ម្តង​។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទនៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ថា៖ «គ្មានរឿងហេតុចឹងកើតឡើងទេ…អ្នកណាទៅឃាត់ខ្លួនមនុស្សនោះ..? តាមពិតគឺខាងកម្លាំងបានទៅណែនាំ តាមរយៈការជូនដំណឹង ទៅជាគេយល់ច្រឡំផ្សេងទៅវិញ»។ លោកបន្តថា៖ អរគុណ ខាងអង្គភាព «នគរដ្រេហ្គន» មានវិជ្ជាជីវៈ បានសួរមកដើម្បីទទួលយកការពិតពីសមត្ថកិច្ចធ្វើការឆ្លើយតប៕ 

ដោយ៖ សុខ ខេមរា


ចែករំលែក៖