ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបង្កើតកំណត់ត្រា​មានអ្នកឆ្លងកូវីដ​-១៩ ដល់ទៅជាង​២សែននាក់ក្នុងពេល​២៤ម៉ោង

ចែករំលែក៖

ក្នុងរយៈពេល​២៤ម៉ោងកន្លងមក អាមេរិកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​២សែននាក់​ក្នុងមួយថ្ងៃ ​ ក្នុងនោះមាន​១សែននាក់​បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
លោក ​Robert Redfield អគ្គនាយក​មជ្ឈមណ្ឌលគ្រប់គ្រង​ និងបង្ការជំងឺឆ្លងអាមេរិក(CDC) បានឲ្យដឹងថា រឿងអាក្រក់បំផុត ស្ថិតនៅខាងមុខនៅឡើយទេ ។ លោកបានព្យាករថា ចំនួនអ្នកស្លាប់និឹងកើនឡើង​ដល់ទៅជាង ៤៥០ពាន់នាក់​គិតដល់ខែកុម្ភៈ ឆ្នាំ​២០២១។ លោកបន្តទៀតថា រដូវរងាឆ្នាំនេះ​ជាពេលពិបាកបំផុត​ក្នុងការទប់ស្កាត់កូវីដ​-១៩ ។
លោកRobert Redfield ប្រធាន(CDC)​បានបន្តទៀតថា «ជាការណ៍ពិត នៅខែធ្នូ ឆ្នាំ​២០២០ និងខែមករា ខែកម្ភៈឆ្នាំ​២០២១ ជាពេលវេលាអាក្រក់បំផុត​។ ខ្ញុំជឿជាក់ថា នោះជាពេលវេលាលំបាកបំផុតក្នុងប្រវត្តិសាស្ត្រនៃវិស័យសុខាភិបាលសាធារណៈអាមេរិក»។
លោក Robert Redfield បន្តទៀតថា «បច្ចុប្បន្នយើងបានឃើញមានមនុស្សស្លាប់​ចាប់ពី​១៥០០-២០០០នាក់ក្នុងមួយថ្ងៃ ហើយអាចកើនឡើងដល់ទៅ​២៥០០នាក់ក្នុងមួយថ្ងៃ។ ដូច្នេះចំនួនអ្នកស្លាប់នៅអាមេរិកអាចកើនឡើងដល់ទៅ​៤៥០ពាន់នាក់​»។
តាមសារព័ត៌មាន Washington Post បានផ្សាយថា បច្ចុប្បន្នអាមេរិកមានចំនួនអ្នកស្លាប់ជាង ​២៧២ពាន់នាក់ ហើយក្នុងរយៈពេល​២៤ម៉ោងកន្លងមក​ អាមេរិកមានចំនួនអ្នកឆ្លងកូវីដ​-១៩ ដល់ទៅ​២៧០០នាក់​ ជិតស្មើនឹងពេលវេលាកាលពីខែមេសា ឆ្នាំ​២០២០ ​ដែលមានអ្នកស្លាប់ ដល់ទៅជាង​២.៩៦៧នាក់ ៕

ដោយ៖ធី រីណា


ចែករំលែក៖