យោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC Sport កាលពីថ្ងៃទី២ ខែធ្នូបានឲ្យដឹងថា ការប្រកួតក្របខ័ណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Aston Villa ជាមួយក្រុម Newcastle United នៅថ្ងៃសុក្រខាងមុខនេះត្រូវបានពន្យារពេលបន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងករណីមានការីករាយដាលជំងឺកូវីដ-១៩នៅឯទីលានហ្វឹកហាត់ Magpies ។
ក្នុងនោះមានកីឡាកររបស់ក្លិប Newcastle ៥នាក់ និងបុគ្គលិក២នាក់បានធ្វើតេស្តវិជ្ជមាន។ កន្លែងហ្វឹកហាត់របស់ក្លិបនៅឯ Darsley Park ត្រូវបានបិទកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។ ក្លិប Newcastle បានដាក់សំណើមួយជាមួយ Premier League ដើម្បីសុំពន្យារពេលការប្រកួតនៅឯកីឡដ្ឋានVilla Park ផងដែរ។
ក្រុម Aston Villa បាចេញសេចក្តីថ្លែងការណ៍ថា ពួកគេគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់ក្របខ័ណ្ឌ Premier League ក្នុងការពន្យារពេលការប្រកួតនេះ។ ក្លិបបានបន្ថែមថា អ្នករាល់គ្នានៅឯ Aston Villa សូមជូនពរឲ្យអ្នកដែលរងគ្រោះដោយវីរុសនេះឆាប់ជាសះស្បើយឡើងវិញ ។
សម្រាប់កាលបរិច្ឆេទនិងពេលវេលាថ្មីសម្រាប់ការប្រកួតរវាងក្រុមទាំង២នឹងត្រូវបានបញ្ជាក់នាពេលក្រោយ។ នេះជាការប្រកួតលីគកំពូលនៅរដូវកាលនេះដែលត្រូវពន្យារពេលដោយសារករណីកូវីដ-១៩។
លោក Steve Bruce អ្នកចាត់ការទូទៅរបស់ក្រុម Newcastle បាននិយាយកាលពីថ្ងៃសុក្រនៅពេលដែលក្រុមរបស់លោកបានឈ្នះ ២-០ ទៅលើក្រុម Crystal Palace ថា កីឡាករ៣នាក់ និងបុគ្គលិកម្នាក់បានធ្វើតេស្តវិជ្ជមាន។ កាលពីថ្ងៃចន្ទទីលានបណ្តុះបណ្តាលត្រូវបានបិទតាមការណែនាំរបស់សុខភាពសាធារណៈអង់គ្លេស ហើយនៅតែបិទនៅថ្ងៃអង្គារ។
ក្របខ័ណ្ឌ Premier League បានអះអាងថា ខ្លួនបានយល់ស្របឲ្យក្រុមNewcastle មិនត្រូវហ្វឹកហាត់និងត្រៀមលក្ខណៈដោយសុវត្ថិភាពសម្រាប់ការប្រកួតនៅឯកីឡដ្ឋាន Villa Park បានទេ។ បន្ទាប់ពីមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយក្លិបទាំងពីរ និងទីប្រឹក្សាក្របខ័ណ្ឌ Premier League លើកឡើងថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីរក្សាសុវត្ថិភាព សុខភាពរបស់កីឡាករ និងបុគ្គលិកជាអាទិភាព ។
សូមបញ្ជាក់ថា ក្រុម Newcastle ក្រោមការដឹកនាំរបស់លោក Steve Bruce គ្រោងនឹងប្រកួតនៅថ្ងៃសៅរ៍ទី១២ ខែធ្នូជាមួយក្រុមភ្ញៀវ West Brom និងបន្ទាប់មកធ្វើដំណើរទៅប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Leeds United ៤ថ្ងៃក្រោយ ៕ដោយ៖ភារៈ