អតីតប្រធានាធិបតីអាមេរិក Barack Obama, George W. Bush និង Bill Clinton បានសម្រេចចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ ហើយបានចាក់ដោយមានការថតរូបភាពវីដេអូផងក្នុងគោលដៅផ្សព្វផ្សាយពីការទុកចិត្តដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ថាមានប្រសិទ្ធភាពនិងសុវត្ថិភាព។
សកម្មភាពខាងលើរបស់អតីតប្រធានាធិបតីអាមេរិក៣រូបនេះគឺ ក្រោយពេលមានពលរដ្ឋអាមេរិក ជាច្រើនបង្ហាញពីក្តីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩។ នៅពេលនេះលោកFreddy Ford ទីប្រឹក្សាជាន់ខ្ពស់របស់អតីតប្រធានាធិបតី
ប៊ូសបានទំនាក់ទំនងជាមួយក្រុមអ្នកឯកទេសសុខាភិបាល គឺវេជ្ជបណ្ឌិត Anthony Fauci និង Deborah Birx រៀបចំពិធីចាក់វ៉ាក់សាំងផ្សព្វផ្សាយដល់ពលរដ្ឋឲ្យមានទំនុកចិត្តលើវ៉ាក់សាំងប្រឆាំងកូវីដ-១៩។
ទីប្រឹក្សាលោកប៊ូសបានបន្តទៀតថា លោកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា។ កូវីដ-១៩បានឆ្លងរាលដាលយ៉ាងខ្លាំងនៅអាមេរិក មកទល់ពេលនេះមានអ្នកឆ្លងកើនឡើងដល់ទៅ១៤លាននាក់ និងស្លាប់ជាង២៧៣ពាន់នាក់។
ក្រៅពីលោកប៊ូស អតីតប្រធានាធិបតី ប៊ីល គ្លីនតុន ក៏នឹងមានកម្មវិធីចាក់វ៉ាក់សាំងជាសាធារណៈដើម្បីអូសទាញពលរដ្ឋចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ផងដែរ ។
ជាមួយគ្នានេះ អតីតប្រធានាធិបតីអូបាម៉ា ក៏បានសម្រេចចាក់វ៉ាក់សាំង ផ្សព្វផ្សាយដល់ពលរដ្ឋផងដែរ ។ លោកអូបាម៉ា បញ្ជាក់ថា «ខ្ញុំនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផ្សាយតាមទូរទស្សន៍ដើម្បីបញ្ជាក់ការណ៍ពិតដល់ពលរដ្ឋឲ្យមានទំនុកចិត្តលើវ៉ាក់សាំង៕ដោយ៖ធី រីណា