ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនបំផុតគឺអាមេរិក និងឥណ្ឌា បានប្រកាសថានឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់ពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃ ។ ប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិកលោកបៃឌិន បានប្រកាសថា លោកនឹងពង្រីកគម្រោង ចាក់វ៉ាក់សំាងដល់ពលរដ្ឋដោយឥតគិតថ្លៃ ដែលលោកត្រាំបានលើកឡើង។ លោកបៃឌិនបានស្នើសុំចំណាយប្រាក់២៥ពាន់លានដុល្លារ ធានាដល់ការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ពលរដ្ឋអាមេរិក។
នៅខែធ្នូនេះអាមេរិក នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋប្រមាណ២០ លាននាក់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ។ ប៉ុន្តែក្នុងចំណោមពលរដ្ឋអាមេរិកមានរហូតដល់ទៅ៤០ ភាគរយបានបញ្ចេញមតិថានឹងមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ឡើយ។
ក្រៅពីអាមេរិករដ្ឋាភិបាលប្រទេសន័រវេសក៏បានប្រកាសថានឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋដោយឥតគិតថ្លៃផងដែរ ។ នាយករដ្ឋមន្ត្រីន័រវេស លោកErna Solberg បញ្ជាក់ថា «យើងចង់ឲ្យពលរដ្ឋ ទទួលបានវ៉ាក់សាំងដែលមានប្រសិទ្ធភាព ហើយការចាក់វ៉ាក់សាំងនឹងមិនយកប្រាក់នោះឡើយ»។
ប្រទេសជប៉ុនក៏បានប្រកាសថានឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋជាង១២៦លាននាក់ដោយឥតគិតថ្លៃ ។នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា ប្រទេសជាតិកំពុងស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត ការចាក់វ៉ាក់សាំងនឹងទប់ស្កាត់ការឆ្លងកូវីដ-១៩បាន ហើយសេដ្ឋកិច្ចនឹងដំណើរការធម្មតាវិញ។ បច្ចុប្បន្នជប៉ុនមានអ្នកឆ្លង១៥០ពាន់នាក់ និងស្លាប់២១០០នាក់។
ឥណ្ឌា ក៏បានប្រកាសចាក់វ៉ាក់សាំង ដោយអត់គិតថ្លៃផងដែរ ។ នាយករដ្ឋមន្ត្រី ម៉ូឌីបានប្រកាសថា ពលរដ្ឋទាំងអស់នឹងទទួលបានការចាក់ វ៉ាក់សាំងដោយឥតគិតថ្លៃ។ តាមការបញ្ជាក់ឱ្យដឹង វ៉ាក់សាំង១ដូសនៅឥណ្ឌាមានតម្លៃ៧ដុល្លារអាមេរិក។ឥណ្ឌាជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ លំដាប់ទីពីរលើពិភពលោក ដោយមានអ្នកឆ្លងជាង ៩,៥លាននាក់ និងស្លាប់១៣៨ពាន់នាក់ ៕
ដោយ៖ធី រីណា