ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២០ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាពរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំងចូលរួមក្នុងសកម្មភាពបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់នៅចំណុចបឹងនរាអូរក្របីស្អុយ(អតីតឡូត៍លេខ០២បាត់ដំបង)ស្ថិតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សកម្មភាពបង្ក្រាបនេះដឹកនាំដោយលោក ម៉ិល សុផល អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ រួមជាមួយមន្ត្រីផ្នែកជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។
ជាលទ្ធផលសម្រេចបានក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនេះកម្លាំងសមត្ថកិច្ចបានធ្វើការដុតបំផ្លាញចោលនូវសាច់មងប្រវែង៥,៥០០ម៉ែត្រ, បង្កោលឈើចំនួន១,៥០០ដើម, ឡុកសម្រាប់ចាប់ត្រីចំនួន២១ឡុក និងបានចាក់លែងត្រីចម្រុះចំនួន១០០គីឡូក្រាមទៅក្នុងទឹកបឹងទន្លេវិញ។ក្រៅពីនេះបានធ្វើការអប់រំឱ្យអ្នកប្រព្រឹត្តតិចតួចរុះរើឧបករណ៍ល្មើសចេញពីក្នុងទឹកវិញដោយខ្លួនឯង និងណែនាំឱ្យបញ្ឈប់សកម្មភាពល្មើសបែបនេះបន្តទៀត។ រីឯ៝អ្នកប្រព្រឹត្តល្មើសដោយទ្រង់ទ្រាយធំ អាជ្ញាធរនិងសមត្ថកិច្ចជំនាញបានស្រាវជ្រាវកំណត់អត្តសញ្ញាណ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តទោសនៅពេលខាងមុខ៕
ដោយ៖ ចន្ទ លីហ្សា