ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបើកលេងល្បែងភ្នាល់ប្រាក់តាមប្រព័ន្ធអ៉ីនធើណេតមួយកន្លែង នៅភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ត្រូវបានបង្ក្រាបដោយ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅព្រឹកថ្ងៃសៅរ៍ ៥ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩ និង៤០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌប្ញស្សីកែវ តំណាង លោក អភិបាលខណ្ឌប្ញស្សីកែវ បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដឹកនាំ មន្ត្រីនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ កម្លាំងនគរបាល សណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំង គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រាក់តាមប្រព័ន្ធអ៉ីនធើណេត (Internet) មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ ១៧៩ អា ផ្លូវបេតុង ក្រុមទី១៨ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ 

ឋិតក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ (២នាក់ ជាអ្នកមើលការខុសត្រូវក្នុងទីតាំងនេះ  និងអ្នកលេង ចំនួន ០៥ នាក់) លើសពីនេះ បានដកហូត កុំព្យូទ័រចំនួន ១៤ ឈុត ( ម៉ូនីទ័រ ១៤គ្រឿង និង ម៉ាស៊ីន ១៤គ្រឿង) រួមទាំង សម្ភារជា តុកៅអីមួយចំនួនទៀត។ បច្ចុប្បន្ននេះ កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕

ដោយ៖ សិលា


ចែករំលែក៖