ព័ត៌មានទាន់ហេតុការណ៍៖

វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស កងទ័ពជើងគោក ជំនាន់ទី១ ឆ្នាំ២០២០ ត្រូវបានប្រារព្ធពិធីបិទក្រោមអធិបតីភាព មេបញ្ជាការរងកងទ័ពជើងគោក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស កងទ័ពជើងគោក ជំនាន់ទី១ ឆ្នាំ២០២០ ដែលពិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ។

ជំនួសមុខជូន លោកមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក សួខ ខាំឡ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក អស់លោក នាយទាហាន នាយទាហានរង គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានសហការគ្នាធ្វើឲ្យវគ្គបំប៉ននេះបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោក សួន ខាំឡ បានគូសបញ្ជាក់ ពីលក្ខណៈពិសេស និងតួនាទី ភារកិច្ចនៃជំនាញបច្ចេកទេសនេះដែលបណ្តាប្រភេទទ័ពត្រូវខិតខំបង្កើនការហ្វឹកហាត់ក្នុងការធានាអោយបានលើការងារគ្រប់គ្រងបច្ចេកទេស ដែលជំនាញនេះបានដើរតួនាទីយ៉ាងសំខាន់ ហើយចាំបាច់ ព្រោះការងារនេះមានការលំបាកច្រើន សូម្បីតែការសិក្សាក៏ត្រូវការរយៈពេលយូរទើបចេះចាំបានល្អ។ ឯការធានាបច្ចេកទេសក៏ត្រូវការព្យាយាម ហើយអនុវត្តន៍ជាប់ជាប្រចាំ ទើបរក្សាបានគុណភាពយូរអង្វែង។ លោក សួន ខាំឡ បានបន្តទៀតថា ថ្វីត្បតិតតែវគ្គនេះមានរយះខ្លីពិតមែន តែបានជួយពង្រឹង ធានាការងារគ្រប់គ្រង ថែរក្សាគ្រឿងបំពាក់ សម្ភារប្រើប្រាស់គ្រប់ប្រភេទ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រឹមត្រូវ និងសុវត្ថិភាព ស្របទៅនឹងសំណូមពរ សេចក្តីត្រូវការជាយុទ្ធសាស្ត្រ សំដៅរក្សា និងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បានរឹងមាំ និងពង្រឹងធនធានមនុស្សស្របតាមភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ច ការពារជាតិមាតុភូមិ និងប្រជាជន ។

លោក បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ពេលវិលទៅអង្គភាពខ្លួនវិញ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ឈរលើមនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទី និងភារកិច្ចរបស់កងទ័ព និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃ ខ ភ ម បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចុះ ដើម្បីពង្រឹងប្រៀបការពារជាតិ អធិបតេយ្យ បូរណភាពទឹកដី រក្សាអោយបានសុខសន្តិភាពនិងការអភិវឌ្ឍ។ ត្រូវបន្តយកចិត្តទុក្ខដាក់សិក្សារៀនសូត្រការងារអប់រំចិត្តសាស្ត្រ បទវិន័យ លក្ខ័ន្តិកៈ កងយោពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តិផ្សេងៗដែលជាច្បាប់របស់រដ្ឋ ខិតខំបន្តស្រាវជ្រាវ ឯកសារថ្មីៗបន្ថែមទៀត បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច។ ត្រូវយកចិត្តទុក្ខដាក់ថែរក្សាការពារគ្រប់គ្រង និងរក្សាទុក្ខដាក់អាវុធយុទ្ធភណ្ឌគ្រឿងចក្រឲ្យបានត្រឹមត្រូវ និងសុវត្ថភាព បន្តអនុវត្តន៏ និងចូលរួមសហការល្អជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងចូលរួមទប់ស្កាត់ឲ្យបានទាន់ពេលវេលារាល់បទល្មើសផ្សេងៗ និង ចូលរួមចំណែកអនុវត្តិគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋរស់នៅ និងចូលរួមអនុវត្តន៍នូវវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងបង្ការ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា តាមរបាយការណ៍ហ្វឹកហ្វឺន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស កងទ័ពជើងគោក ជំនាន់ទី១ ឆ្នាំ២០២០ នេះ មានរយ:ពេល ០៣ខែ ស្មើនឹង ៩០ថ្ងៃ ចាប់បើកវគ្គពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ មានកម្មសិក្សាការីសរុបចំនួន ១០៦នាក់ សិក្ខាកាមចំនួន ៩៥នាក់ គ្រូយោធាចារ្យចំនួន ៩នាក់ និងអ្នកបម្រើការចំនួន ០២នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ។ ខ្លឹមសារហ្វឹកហ្វឺនរៀនសូត្ររួមមាន៖ ការងារទូទៅរបស់យោធិន និងមេរៀនផ្នែកបច្ចេកទេស ។ ក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អណាស់ចំនួន ២១រូប និទ្ទេសល្អចំនួន ៣៤រូប និទ្ទេសល្អមធ្យមចំនួន ៣១រូប និង និទ្ទេសមធ្យម ចំនួន ០៩រូប៕

ដោយ៖ សិលា


ចែករំលែក៖