ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យមានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការអំពាវនាវរបស់លោក ម៉ៅ ធនិន ធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត នាឱកាសជួបសំណេះសំណាល និងទទួលដោះស្រាយបញ្ហាប្រឈម ជូនពុកម៉ែប្រជាពលរដ្ឋ បានចំនួន១១ករណីផ្សេងគ្នា រួមមានករណីទំនាស់ដីធ្លី, ករណីជំពាក់ប្រាក់, ករណីទំនាស់ចែកទ្រព្យ, ករណីទំនាស់របងដី និងករណីសុំដឹកឈើធ្វើផ្ទះ។ កិច្ចសម្របសម្រួលដោះស្រាយខាងលើនេះ បានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, លោកប្រធាការិយាល័យប្រជាពលរដ្ឋ, អាជ្ញាធរស្រុក/ក្រុង ឃុំ/សង្កាត់, ក្រុមលេខាកត់ត្រា និងភាគីដែលមានការពាក់ព័ន្ធផ្សេងទៀត។
លោក ម៉ៅ ធនិន បានឱ្យដឹងថា នេះគឺជាទម្លាប់ដែលឯកឧត្តមតែងតែជួបជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកាដោះស្រាយនាពេលនេះ។ លោកបានថ្លែងថា ដោយសារតែស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរនោះ ឯកឧត្តមបានសម្រេចជ្រើសរើសសំណុំរឿងណាដែលចាំបាច់បំផុត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើការសម្របសម្រួល និងដោះស្រាយមុនគេ ជូនពុកម៉ែប្រជាពលរដ្ឋ ដែលកិច្ចការនេះត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកអភិបាលខេត្តបានបន្តថា យន្តការដែលយើងកំពុងតែដើរនេះ គឺជាយន្តការវេទិកាសាធារណៈ ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញឱ្យថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការក្នុងជីវភាពរស់នៅជាក់ស្តែង។ ពីមុនយើងដោះស្រាយ២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែឥឡូវនេះយើងដោះស្រាយ២សប្តាហ៍ មួយ១ដង នេះដោយសារតែជម្លោះ ក៏ដូចជាបញ្ហាប្រឈមកាន់តែថយចុះ។
លោកបានឱ្យដឹងដែរថា ជានិច្ចជាកាល លោកតែងតែប្រើប្រាស់ឋានានុក្រម២ គឺទី១-ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅលើផ្លូវច្បាប់ និងទី២-ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយក្នុងគ្រួសារប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។
តាមរយៈវេទិកាសម្របសម្រួល និងដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលលោក ម៉ៅ ធនិន បានមកដឹកនាំយន្តការខេត្តពោធិ៍សាត់ រយៈពេលជាង៦ឆ្នាំងកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានការសាទរចំពោះដំណោះស្រាយដ៏មានប្រសិទ្ធភាព និងសូមស្នើដល់បណ្តារាជធានីខេត្ត ទូទាំងប្រទេសកម្ពុជា អនុវត្តតាមខេត្តពោធិ៍សាត់៕
ដោយ៖ សិលា