ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូរងគ្រោះបន្ទាប់ពីជនសង្ស័យរូបនេះចូលលួចម៉ូតូរបស់គេដល់ក្នុងផ្ទះ។

ហេតុការណ៍ភ្ញាក់ផ្អើលបាត់ម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០  ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះមានឈ្មោះ  ញ៉ាញ់ សារ៉ានពិសិដ្ឋ  អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-សង្កាត់ក្បែរផ្ទះកើតហេតុខាងលើ។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះមាស សុណាង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ រីឯម៉ូតូដែលជនសង្ស័យលួចនោះម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង ១I-៤៧៧៧ ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា មុនកើតហេតុជនសង្ស័យបានធ្វើសកម្មភាព ដើរចូលទៅក្នុងផ្ទះរបស់ឈ្មោះ មាស សុណាង លួចយកម៉ូតូមួយគ្រឿងម៉ាកនិច
ពណ៌ស ដែលម្ចាស់បញ្ឈរទុកនៅខាងមុខផ្ទះ និងមានជាប់ចង្កឹះសោ។

ក្រោយពីធ្វើសកម្មភាពរួច ជននេះបានជិះម៉ូតូដែលលួចបានគេចខ្លួនទៅទិសខាងលិចបាត់ទៅ។ ក្រោយមកម្ចាស់ដឹងថាបាត់ម៉ូតូ ក៏ឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបឃើញជនសង្ស័យលួចយកនិងជិះចេញទៅទិសខាងលិច ហើយក៏មកដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តែម្តង។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាមកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យខាងលើបាននៅខាងកើតស្ពានពោធិហោ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិហោ ក្រុងស្វាយរៀង និងបានប្រគល់ឱ្យកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់គេប្រាកដមែន ហើយសមត្ថកិច្ចក៏បានរាយការណ៍ជូនលោកព្រះរាជអាជ្ញា ដើម្បីធ្វើការឃាត់ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖