អន្តរជាតិ៖ លោកស្រី ខារី ឡាំ (Carrie Lam) នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នៅថ្ងៃសុក្រទី១១ ខែធ្នូឆ្នាំ២០២០នេះបានអះអាងនៅក្នុងសន្និសីទកាសែតមួយថា៖ ទីក្រុងហុងកុងនឹងទទួលបានវ៉ាក់សាំង COVID-19 ដំបូងបង្អស់នៅដើមខែមករាឆ្នាំ២០២១ខាងមុខនេះគោលដៅរបស់រដ្ឋបាលទីក្រុងហុងកុង គឺផ្ដល់ការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនប្រមាណ ៧,៥លាននាក់របស់ខ្លួន «ដោយឥតគិតថ្លៃ»។
ជាក់ស្តែង នៅល្ងាចថ្ងៃសុក្រ ទី១១ ខែធ្នូនេះ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយថា លោកស្រី ខារី ឡាំ បានបញ្ជាក់បន្ថែមថាចំនួនវ៉ាក់សាំងCOVID-19 ដែលរដ្ឋាភិបាលនៃ HKSAR បានបញ្ជាទិញ គឺទ្វេដងនៃចំនួនប្រជាជនហុងកុង ដែលវានឹងគ្រប់គ្រាន់សម្រាប់មនុស្សប្រមាណ ១៥លាននាក់ ។
គួររម្លឹកដែរថា បច្ចុប្បន្ននេះ ទីក្រុងហុងកុងបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថចំនួន ០២ រួចទៅហើយគឺ Sinovac របស់ចិននិង Pfizer របស់អាមេរិក ខណៈកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនAstraZeneca របស់អង់គ្លេសវិញត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា ទីក្រុងហុងកុង កន្លងមកធ្លាប់បានបញ្ជាក់រួចហើយដែរថា ខ្លួនបានធ្វើការបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថអាមារិកPfizer ចំនួន ៧.៥លានដូស និងពីក្រុមហ៊ុនផលិតឱសថចិន Sinovac ចំនួន ៧.៥លានដូសទៀត ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួននៅទូទាំងទីក្រុងហុងកុង។
ដោយឡែកទាក់ទិននឹងបញ្ហាខាងលើ អាជ្ញាធរហុងកុង បានត្រៀមលក្ខណៈពេញលេញរួចជាស្រេច សម្រាប់ដំណើរការចាក់វ៉ាក់សាំងទាំងនេះផងដែរ៕ដោយ៖ស តារា