ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ លទ្ធផលនៃកិច្ចប្រជុំ AIMF ភ្នំពេញ ទទួលបានគម្រោងសំខាន់ៗ ជាច្រើននៅឆ្នាំ២០២១ មានចំនួនទឹកប្រាក់ជាង២លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់លទ្ធផលនៃកិច្ចប្រជុំមហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ លើកទី៩២ របស់សមាគមអន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) តាមការបញ្ចូនរូបភាព និងសម្លេងនៅទីក្រុងទុយនីស ប្រទេសទុយនេស៊ី នាពេលប៉ុន្មានថ្ងៃជាប់គ្នាមកនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសំខាន់ៗជាច្រើន នៅឆ្នាំ២០២១ ដែលមានចំនួនទឹកប្រាក់ជាង២លានដុល្លារ ហើយ ទន្ទឹមនិងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏តម្រូវឲ្យចូល រួមបដិភាគចំនួន១០ម៉ឺនដុល្លារអាមេរិកផងដែរ ។
លោកបានឲ្យដឹងនៅថ្ងៃទី១២ធ្នូនេះថា ក្រោយកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ លើកទី៩២របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នាពេលប៉ុន្មានថ្ងៃជាប់គ្នានេះ រាជធានីភ្នំពេញ ទទួលបានគម្រោងអនុវត្តសំខាន់ៗនៅឆ្នាំ២០២១ ដែល មានដូចជា៖ ក–គម្រោង(សុខមាលភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងកាកសំណល់ភក់បង្គន់)ដែលមានទំហំទឹក ប្រាក់ចំនួនប្រមាណ២.០៨លានដុល្លារ អាមេរិក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួមបដិភាគចំនួន១០ម៉ឺនដុល្លារអាមេរិក និងទីតាំងសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្ម ចំណែកថវិកាប្រមាណ ២ លានដុល្លារ ទៀត ជាហិរញ្ញប្បទានឥតសំណងរបស់ សមាគម និងដៃគូអភិវឌ្ឍន៍ ជូនមករដ្ឋបាលរាជធានីភ្នំពេញ។ ខ–គម្រោង(ការត្រៀមខ្លួនឆ្លើយតបនឹងស្ថានភាពអាសន្ន និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩)ដែល មានទំហំទឹកប្រាក់ជិត២០ម៉ឺនដុល្លារអាមេរិក។ គ–នៅក្នុងការបោះឆ្នោតកែសម្រួលសមាសភាពសមាជិកនៃការិយាល័យអចិន្ត្រៃយ៍ របស់សមាគមឡើងវិញ រាជធានីភ្នំពេញតំណាងឱ្យទីក្រុងនៅក្នុងទ្វីបអាស៊ី នឹងបន្តធ្វើជាសមាជិកការិយាល័យអចិន្ត្រៃយ៍សម្រាប់ឆ្នាំ២០២១–២០២២បន្តទៀត។ កិច្ចប្រជុំបន្ទាប់របស់ការិយាល័យអចិន្ត្រៃយ៍ នឹងប្រារព្ធធ្វើនៅទីក្រុងប័រដូ(Bordeaux) សាធារណៈរដ្ឋ បារាំង នៅកំឡុងខែមីនា ឆ្នាំ២០២១។
លោកបានបន្ដថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ និងកិច្ចប្រជុំមហាសន្និបាតលើកទី៤០ របស់សមាគម(AIMF) ក្រោមប្រធានបទ “ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល” បានប្រារព្ធធ្វើនៅទីក្រុងទុយនីសប្រទេសទុយនេស៊ី តាមការបញ្ចូនរូបភាពនិងសំឡេង ស្របតាមការអញ្ជើញរបស់ លោកស្រី Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម(AIMF) និងលោកស្រី Souad BEN ABDERRAHIM អភិបាលទីក្រុងទុយនីស។
កិច្ចប្រជុំនេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖
១. កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២
បានប្រព្រឹត្តទៅនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ នៅប្រទេសទុយនេស៊ី ត្រូវនឹងម៉ោង ១១និង៣០នាទីរំលងអាធ្រាត្រនៅកម្ពុជាទៅតាមកម្មវិធីនិងរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន៖ (១)ការពិនិត្យកែសម្រួលសមាសភាពសមាជិកការិយាល័យអចិន្ត្រៃយ៍, (២)ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៩១, (៣)ការបោះឆ្នោតជ្រើសរើសពានរង្វាន់ស្រ្តីប្រើប្រាស់ភាសាបារាំង, (៤)របាយការណ៍ថវិកាឆ្នាំ២០២០ និងគម្រោងថវិកាឆ្នាំ២០២១ និង(៥)របាយការណ៍របស់លោកអគ្គលេខាធិការសមាគមស្តីពីផែនការសកម្មភាព និងគម្រោងកិច្ចសហប្រតិបត្តិការរបស់សមាគម។ ២. កិច្ចប្រជុំមហាសន្និបាតលើកទី៤០ ពិធីបើកកិច្ចប្រជុំមហាសន្និបាតលើកទី៤០បានប្រព្រឹត្ត ទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម Hichem MECHICHI នាយករដ្ឋមន្ត្រីនៃប្រទេសទុយនេស៊ី និងលោកជំទាវ Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម(AIMF) ។ មហាសន្និបាតបានប្រារព្ធធ្វើទៅតាមកម្មវិធី និងរបៀបវារៈដែលបានកំណត់ ដោយអង្គមហាសន្និបាតបានធ្វើការបោះឆ្នោតអនុម័តលើសេចក្តីព្រាងឯកសាររបស់កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ និងឯកសារនៃមហាសន្និបាតលើកទី៣៩ ដែលបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសទីក្រុងគីហ្គាលី (Kigali) ប្រទេសរ៉ាវ៉ាន់ដា(Rwanda) ជាទីតាំងសម្រាប់ប្រារព្ធធ្វើមហាសន្និបាតលើកក្រោយ នៅកំឡុងខែកក្កដា ឆ្នាំ២០២១៕

ដោយ៖ សំរិត


ចែករំលែក៖