ក្រុងប៉ោយប៉ែត៖ ទាហានឈុតខ្មៅថៃ អង្គភាពលេខ១២កងកម្លាំងបូរផា បានឃាត់ខ្លួនពលករខ្មែរចំនួន១១នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់ នៅបរិវេណព្រំដែនថៃ-កម្ពុជា ក្នុងភូមិដង ងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។
សមត្ថកិច្ចថៃប្រាប់ថា ក្រោយសួរនាំពលរដ្ឋទាំងនោះដោយអះអាងថា នៅកម្ពុជាអត់មានការងារធ្វើ ត្រូវការចូលមកស៊ីឈ្នួលនៅផ្សាររុងគ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០កម្លាំងទាហានអង្គភាពលេខ១២ កងកម្លាំងបូរផា បានចាត់តាំងកម្លាំងចុះត្រួតពិនិត្យតំបន់ដែលទទួលខុសត្រូវ និងបានពិនិត្យឃើញពលរដ្ឋខ្មែរខណៈកំពង់ដើរចំនួន១១នាក់ ក្នុងនោះប្រុស១០នាក់ និងស្រី១នាក់ នៅបរិវេណបង្គោលឡាក់TA-365150 ភូមិដង ងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីយប់កន្លងមក។
ក្រោយពីធ្វើការសួរនាំបានឲ្យដឹងថា ពលរដ្ឋខ្មែរខាងលើ ធ្វើដំណើរចូលមកប្រទេសថៃ ដើម្បីស៊ីឈ្នួលធ្វើការងារទូទៅ នៅផ្សាររុងគ្លឿ ឃុំ/ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបសមត្ថកិច្ចនាំពលរដ្ឋខ្មែរទាំងអស់ មកសួរនាំម្ដងទៀតនៅទីបញ្ជាការកងរយទាហានឈុតខ្មៅលេខ១២០៥។សមត្ថកិច្ចថៃថាពលរដ្ឋខ្មែរទាំង១១នាក់ខាងលើ រួមមានឈ្មោះ៖ ធឿន សម្បត្តិ អាយុ២៦ឆ្នាំ, វៀន ភា អាយុ២៨ឆ្នាំ, កង សំឌឿន អាយុ១៨ឆ្នាំ, ណូ សេរ៉ា អាយុ២០ឆ្នាំ, ហេ ធិតា អាយុ៣២ឆ្នាំ, តង កឿង អាយុ៣១ឆ្នាំ, ឡាង មាន អាយុ៣៧ឆ្នាំ, សក ថេត អាយុ ២៥ឆ្នាំ, ហង គីមហាន អាយុ៣៧ឆ្នាំ, កង សុន អាយុ ២៨ឆ្នាំ និងនាង រស្មី អាយុ២៥ឆ្នាំ អ្នកទាំងអស់មានទីលំនៅ ភូមិ/សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានលិខិតឆ្លងដែន បានលួចចូលមកប្រទេសថៃ តាមច្រករបៀង ដោយមិនមានមេខ្យល់ និងមិនអស់ថ្លៃឆ្លងដែនអោយអ្នកណាទាំងអស់ ដើម្បីមករកស៊ីឈ្នួលធ្វើការទូទៅ នៅក្នុងផ្សាររុងគ្លឿ ស្រុកអារញ្ញ ដោយសារខាងប្រទេសកម្ពុជាមិនមានការងារធ្វើ និងទាំងអស់គ្នាធ្លាប់ចូល-ចេញប្រទេសថៃ ក្នុងម្នាក់ៗពី៣-៤លើក តាមច្រកព្រំដែនអន្ថរជាតិប៉ោយប៉ែត-ខ្លងលឹក និងតាមច្រករបៀង ទើបសមត្ថកិច្ចនាំខ្លួនពលរដ្ឋខ្មែរទាំងអស់ បញ្ជូនទៅឲ្យកងរយនគបាលព្រំដែន១២៤ ភូមិ ណូន ម៉ាកមុន ស្រុកគោកឃ្យូង ដើម្បីបណ្ដេញឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ តាមប៉ុស្ត៍ត្រួតពិនិត្យ៣៨ ច្រកអូរបីជាន់ បន្ត៕វណ្ណា