ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបន្សល់ទុកនូវភាពស្នាមញញឹម ក្តីសង្ឃឹមដ៏ធំធេង ដល់ពុកម៉ែ ពូ មីង លោកយាយ លោកតា សិស្សានុសិស្ស ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់គ្រប់គ្រង ប្រឹងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទាំងតំបន់ទេសចរណ៍ ទាំងប្រព័ន្ធធារាសាស្រ្ត ផ្លូវគមនាគមន៍ និងបង្កើតមុខរបរឲ្យប្រជាពលរដ្ឋ រកស៊ីទទួលទាន ទទួលបានកម្រៃដើម្បីដោះស្រាយក្នុងជីវភាពគ្រួសារ។ អ្វីដែលយើងចាប់អារម្មណ៍ចំពោះគំនិតជាតិនិយមរបស់គាត់នោះ ទោះជាគាត់មានវ័យក្មេងក្នុងនាមជាអភិបាលស្រុកក៏ដោយ តែលោកមិនមែនក្មេងសេចក្តីឡើយ ក្នុងការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ការទទួលខុសត្រូវ ប្រឈមចំពោះមុខ ដោះស្រាយជូនប្រជាពលរដ្ឋ គ្រប់គ្រងមូលដ្ឋាន ឱ្យមានសុវត្ថិភាព ក្នុងនាមជាគណៈបញ្ជាការឯកភាពស្រុកបន្ទាយស្រី។
សូមបញ្ជាក់ផងដែរថា នៅព្រលប់ថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០២០ លោកអភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់ បានសំណេរយ៉ាងខ្លីលើ ហ្វេសប៊ុកផ្លូវការរបស់ខ្លួន បង្កប់នូវអត្ថន័យមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ចំពោះសណ្តានចិត្តរបស់លោក លើប្រជាពលរដ្ឋក្នុងភូមិ និងស្រឡាញ់ទេសភាព ក្នុងស្រុកបន្ទាយស្រី ក្នុងនោះលោកបានលើកឡើងថា សាយ័ណ្ហកាលនារដូវរំហើយ នាំឱ្យផ្ទៃមេឃប្រែទៅជាឆាប់ងងឹតជាងសព្វមួយដង។ ជីវភាពប្រចាំថ្ងៃនៅទីជនបទក៏តែងត្រូវបានបញ្ចប់ទៅជាមួយនឹងពន្លឺព្រះអាទិត្យដែលអស្តង្គត។ ទាំងមនុស្ស ទាំងសត្វ សុទ្ធតែប្រញាប់ប្រញាលវិលចូលទ្រនំរៀងៗខ្លួនវិញ រីឯកុមារតូចៗក៏ប្រឹងរួសរាន់វិលត្រឡប់ពីសាលាទៅផ្ទះវិញ ខ្លះនាំគ្នាដើរ ខ្លះទៀតជិះកង់ ធ្វើយ៉ាងណាឱ្យបានទាន់មុនពេលដែល”ភាពងងឹត”បង្កជាការលំបាកដល់ការធ្វើដំណើរបស់ពួកគេ។
ទិដ្ឋភាពទាំងនេះគឺជាអ្វីដែលគេតែងសង្កេតឃើញឡើងស៊ាំភ្នែកទៅហើយនៅតាមជនបទ ប៉ុន្តែសម្រាប់ភូមិទាំង១២នៃគម្រោង«ផ្ទះ១ អំពូល១» នៅក្នុងស្រុកបន្ទាយស្រី “ភាពងងឹត”លែងក្លាយជាឧបសគ្គធំរបស់អ្នកភូមិទៀតហើយ។ ក្មេងតូចៗទាំងនោះក៏អាចដើរត្រឡប់ទៅផ្ទះវិញដោយភាពជឿជាក់ លែងសូវព្រួយបារម្ភរឿងឆ្កែព្រួស ឬសុវត្ថិភាពដូចមុនទៀត ចំណែកជីវិតនៅក្នុងភូមិក៏មិនចាំបាច់បញ្ចប់ត្រឹមការគ្រប់ដណ្តប់នៃស្បៃរាត្រីទៀតដែរ។ អាជីវកម្មខ្លះអាចបន្តដំណើរការរបស់ខ្លួនលើសពីម៉ោងពេលធម្មតា នៅពេលដែលមុខរបរថ្មីៗមួយចំនួនទៀត ដូចជាអ្នកលក់បង្អែម ត្រូវបានបង្កើតឡើងដើម្បីកេងយកផលចំនេញពីស្ថានភាពថ្មីនៅក្នុងភូមិក្នុងពេលរាត្រី។
ទាំងអស់នេះ គឺជាជ្រុងខ្លះនៃយុទ្ធនាការ”ផ្ទះ១ អំពូល១” ដែលបានផ្តល់ផលជាវិជ្ជមានទៅដល់សហគមន៍នៅតាមទីជនបទ លើសពីការរំពឹងទុកក្នុងពេលដំបូង។ ដើមឡើយ គម្រោងនេះមានគោលបំណងធំៗពីរគឺ បង្កើនសុវត្ថិភាពនៅក្នុងភូមិឃុំ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលរាត្រី៕
ដោយ៖សុខ ខេមរា