ភ្នំពេញ៖ បុរសម្នាក់ទើបត្រឡប់មកពីធ្វើការវិញមិនទាន់ដល់ផ្ទះផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តឡិចស៊ីសRx300មួយគ្រឿងបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ចំណែកជនបង្កព្យាយាមបើករថយន្តគេចត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០២០តាមបណ្ដោយផ្លូវមាត់ទន្លេក្បែរអូតែលសុខាក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើតាមការរៀបរាប់របស់ស្ត្រីត្រូវជាប្រពន្ធជនរងគ្រោះបានដឹងថាជនរងគ្រោះមានឈ្មោះ បូណា ភេទប្រុស មុខរបរជាជាងសំណង់នៅក្នុងការដ្ឋានចិនមួយកន្លែងហើយគាត់ដល់ម៉ោងចេញពីធ្វើការវិញដើម្បីត្រឡប់មកផ្ទះប៉ុន្តែមិនទាន់ដល់ផ្ទះផងបែរជាជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ។
យោងតាមប្រភពព័ត៌មានអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សុយគីស្មាស់រីវូ ពណ៌ខ្មៅគ្មានស្លាកលេខ ធ្វើដំណើរតាមផ្លូវមាត់ទន្លេក្នុងទិសដៅ ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចស៊ីសRx300មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម 2A-3168 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណរួមដំណើរជាមួយគ្នាពីរទៅបីនាក់ទៀតនៅក្នុងរថយន្ត ដោយធ្វើដំណើរមកពីក្រោយម៉ូតូជនរងគ្រោះហើយក៏ជ្រុលទៅបុកចំពីក្រោយម៉ូតូពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។
បន្ទាប់ពីកើតហេតុជនបង្កឃើញសភាពមិនស្រួលព្យាយាមបើករថយន្តគេចតែត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វាដេញឃាត់ជាប់ ។
បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចយកមកសួរនាំដើម្បីដោះស្រាយជាមួយជនរងគ្រោះនៅពេលក្រោយ៕ ផេង ភាព