ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរន្ទះបាញ់ប្រហារស្លាប់កំពុងបង់សំណាញ់យកត្រីនៅស្រុកភ្នំស្រុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់កំពុងបង់សំណាញ់យកត្រីត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់នៅវេលាម៉ោង០២និ៤០នាទីរសៀលថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២០ ចម្ងាយ១,៥០០ម៉ែត្រខាងលិចភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក 

ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ ហៃ ព្រឿង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក 

លោក យ៉ត សុផល អធិការភ្នំស្រុកបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះនិងមានអ្នកភូមិជាច្រើននាក់ទៀត បាននាំគ្នា ទៅបង់ត្រីនៅចំណុចប្រឡាយទំនប់ធំខាងលិចភូមិប៉ោយស្នួលចំងាយ១,៥០០ ម៉ែត្រ។នៅពេលដែលកំពុងបង់ស្រាប់តែមានភ្លៀងធ្លាក់មួយមេ(មធ្យម) ហើយអ្នកបង់ត្រីទាំងនោះ រួមទាំងជនរងគ្រោះ បាននាំគ្នាទៅជ្រកនៅរោងក្បែរកន្លែងបង់ត្រី ។បន្ទាប់ពីភ្លៀងធ្លាក់ច្រើនក៏រលឹមស្រិចៗ ជនរងគ្រោះនិងក្មេងៗចំនួន០២នាក់ទៀតបានចេញពីរោងដើម្បីបង់ត្រីទៀត នៅពេលកំពុងតែឈររលាស់សំណាញ់ក៏ត្រូវរន្ទះបាញ់ជនរងគ្រោះដែលឈរនៅកណ្តាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងបង់នោះតែម្តង។ 

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា៖ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំប៉ោយចារ ចុះពិនិត្យសពនៅកន្លែងកើតហេតុ ជនរងគ្រោះមានរហែកខោនិងស្នាមជាំជិតគ្រលៀន ពិតជាស្លាប់ដោយរន្ទះបាញ់ប្រាដកមែន។ក្រោយពីពិនិត្យរួចសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖វណ្ណា


ចែករំលែក៖