ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីរុស្ស៊ី

ចែករំលែក៖

សាព័ត៌មាន Asahi របស់ជប៉ុននៅថ្ងៃទី១៥ខែធ្នូ បានផ្សាយថា កូរ៉េខាងជើងបានទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V ពីប្រទេសរុស្ស៊ី ចំណែកឧបករណ៍ធ្វើតេស្តទិញពីប្រទេសចិន។
សារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា មកទល់ពេលនេះមិនទាន់មានព័ត៌មានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ក៏ដូចជាចំនួនវ៉ាក់សាំងប៉ុន្មានដែលកូរ៉េខាងជើងបានទិញ និងតម្លៃនៃវ៉ាក់សាំងថ្លៃប៉ុន្មាននោះដែរ។
តាមការលើកឡើងរបស់មន្ត្រី ចារកិច្ចកូរ៉េខាងត្បូងបានឲ្យដឹងថា សមាជិកគណបក្សពលករកូរ៉េខាងជើងបានចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីរួចរាល់ហើយ។ ប៉ុន្តែគេមិនទាន់ដឹងថា មេដឹកនាំគីម ជុងអ៊ុន មានចាក់វ៉ាក់សាំងការពាររបស់រុស្ស៊ីដែរឬទេ។ មេដឹកនាំកូរ៉េខាងជើង អាចនឹងចាក់វ៉ាក់សាំងក្រោយគេ បន្ទាប់ពីមានកម្រិតសុវត្ថិភាព ១០០ភាគរយហើយនោះ។
ជាមួយគ្នានេះម៉ាស៊ីនត្រួតពិនិត្យ វាស់កម្តៅត្រូវបានដាក់នៅតាមបណ្តោយព្រំដែនជាប់ប្រទេសចិន ដើម្បីតាមដានក្នុងពេលប្រទេសកូរ៉េខាងជើងនិងចិនត្រៀមបើកព្រំដែនដើម្បីដំណើរការសេដ្ឋកិច្ចឲ្យប្រសើរឡើងវិញ។
តាមតួលេខផ្លូវការ កូរ៉េខាងជើងមិនមានករណីឆ្លងកូវីដ-១៩ម្នាក់ណាឡើយ។ ចាប់តាំងពីខែមករាឆ្នាំ២០២០មក រដ្ឋាភិបាលកូរ៉េខាងជើងបានអនុម័តច្បាប់អាសន្នបិទប្រទេសដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ សិស្សសាលាទាំងអស់ត្រូវផ្អាកការសិក្សា។
សារព័ត៌មានរ៉យទ័រ ដកស្រង់ប្រភពព័ត៌មានចារកម្មពីប្រទេសជប៉ុន បានផ្សាយថា កូរ៉េខាងជើងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ពីប្រទេសចិនផងដែរ៕ដោយ៖ធី រីណា

 


ចែករំលែក៖