ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក មានប្រសាសន៍ថា កីឡាករ-កីឡាការិនីកម្ពុជា សូមថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ ដល់អត្តពលិក ជាពិសេសសម្តេច បានផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនចំនួន៨០ភាគរយ នៅទូទាំងប្រទេស ក្នុងនោះកីឡាករ-កីឡាការិនីផងដែរ។
លោកវ៉ាត់ ចំរើន បានបន្តថា សម្តេច បានផ្តល់វ៉ាក់សាំងមេរោគ កូវីដ-១៩ សម្រាប់កីឡាករ-កីឡាការិនី ដែលជាក្រុមប្រឈមទៅនឹងមេរោគនេះ និងជាពិសេស ការហ្វឹកហាត់ របស់អត្តពលិកម្ពុជា និងការប្រមូលផ្តុំគ្នា ដូច្នេះពួកគេត្រូ វជៀសឲ្យផុតពីហានិភ័យ នៃការឆ្លងមេរោគ ត្រូវការពារមុនទើបល្អប្រសើរ។
លោក អគ្គលេខាធិការ បន្ថែមថា “ពួកគេមិនត្រឹមតែហ្វឹកហាត់ប្រមូលផ្តុំគ្នា ក្នុងប្រទេសទេ ប្រសិនបើក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ ទទួលបានវ៉ាក់សាំងមុន កាន់តែល្អប្រសើរ ធ្វើឲ្យពួកគេលែងគិតពីបញ្ហាឆ្លងទៀត លែងមានឧបសគ្គខកខាន ក្នុងការហ្វឹកហាត់ ដើម្បីរក្សាគុណផលត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាពលរដ្ឋ តាមរយៈការផ្សាយផ្ទាល់ពិសេសមួយ កាលពីថ្ងៃអង្គារ៍ ទី១៥ខែធ្នូ ឆ្នាំ២០២០ បានគូសបញ្ជាក់ថា សម្តេចនឹងខិតខំប្រឹងរកលទ្ធផលឱ្យថ្នាំវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋ ចំនួន៨០ភាគរយ ដែលស្មើនឹង១៣លាននាក់ នៃចំនួនប្រជាពលរដ្ឋសរុបទាំងមូល ១៦លាននាក់។
លោកវ៉ាត់ ចំរើន បានបន្ថែមទៀតថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ ត្រៀមខ្លួន ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ការប្រកួត ជាពិសេសអាចចេញទៅចូលរួមប្រកួត និងហ្វឹកហាត់នៅក្រៅប្រទេស ល្អប្រសើរថែទៀត។ ហើយនៅឆ្នាំក្រោយនេះកីឡាករ-កីឡាការិនីកម្ពុជា មួយចំនួន ត្រូវចេញចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ២០២១ ប្រព្រឹត្តិទៅនាខែសីហា និង SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម ខែវិច្ឆិកា៕
ដោយ៖ សូរិយា