ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តតាកែវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន២ឆ្នាំចុងក្រោយ

ចែករំលែក៖

 ខេត្តតាកែវ៖ ខេត្តតាកែវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។ នេះបើយោងតាមការលើកឡើងពី រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ 

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា តាកែវគឺជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។ ក្នុងឆ្នាំ២០២០ នេះ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី១៥ ខែធ្នូ បានឲ្យដឹងថាតួលេខក្នុងផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០ ០០០ហ.ត អនុវត្តបានចំនួន ២០៩ ៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤ត/ហ.ត ទទួលបានបរិមាណផលសរុបចំនួន ៧១១ ៤២៣ត លើសឆ្នាំមុនចំនួន ៣៥ ៣៧២ត។ ដោយឡែកចំពោះស្រូវប្រាំងវិញ តួលេខក្នុងផែនការមានចំនួន ៨០ ០០០ ហ.ត អនុវត្តបានចំនួន ១០១ ៥១១ហ.ត ស្មើនឹង ១២៧% ទទួលបានទិន្នផល ៤,៨៩៨ត/ហ.ត បរិមាណផលសរុបទចំនួន ៤៩៧ ២០១ត តិចជាងឆ្នំាមុន ៦ ៦៨៤ត (បញ្ហាមកពីខ្វះទឹកមិនអាចធ្វើលើកទី២ បាន)។

ចំពោះការនាំចេញ ខេត្តតាកែវមានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន ៤ ទៅកាន់ប្រទេសជិត ខាង គឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និងប្រឡាយ ៩២។ គិតមកទល់ថ្ងៃទី១៥ ខែធ្នូ ផលស្រូវចំនួន ១៣៦ ៨៥២តោន ត្រូវបាននាំចេញ៕

ដោយ៖សិលា


ចែករំលែក៖