ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមធ្វើការក្រើរំលឹកសារជាថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋថា ដោយសារ មានបុរសជាអ្នកជំងឺកូវីដ-១៩ម្នាក់ (មុនពេលរកឃើញថាមានវីរុសក្ខវីដ-១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាងឈ្មោះ Hidden Coffee ដែលមានទីតាំងនៅហាងលេខ ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង ១៥:៣០នាទី នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅហាងកាហ្វេនេះ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ៤០២០ វេលា ម៉ោង ១៥:៣០នាទី ដល់ម៉ោង ១៦:០០នាទីរសៀល សូមអញ្ជើញទៅធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ និងសូមលោកអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនឲ្យបាន គ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវតាមដានសុខភាពផ្ទាល់ខ្លួនឲ្យ បានហ្មត់ចត់ជាទីបំផុត។ ប្រសិនបើមានបញ្ហាសុខភាព សូមទាក់ទងទៅលេខទូរស័ព្ទដែលមានជូននៅ ខាងក្រោមនេះស្រាប់។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី – បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌល គ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុង ការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួម ទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខ ភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុ ការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ ០១២ ៨២៥ ៤២៤, ០១២ ៤៨៨ ៩៨១ និង ០១២ ៨៣៦ ៨៦៨៕
ដោយ៖ សិលា