ព័ត៌មានទាន់ហេតុការណ៍៖

ឈប់បានឈប់ទៅ លោកផ្កាយ២ ភឺន ផល្លា ក្នុងអំពើប្រើប្រាស់កូនចៅ រំលោភ ប្លន់ យកដីប្រជាពលរដ្ឋ ដីរដ្ឋ និងប្រើហិង្សា វាយ ដំ បាញ់ នោះ !

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុគ្គលលោកផ្កាយពីរ ភឺនផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ល្បីបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រព្រឹត្តរំលោភយកដីរដ្ឋ ដីប្រជាពលរដ្ឋ មានរឿងអាស្រូវមិនចេះចប់។ 

ថ្មីៗនេះ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានកូនចៅរបស់ បុគ្គលលោកផ្កាយពីរ ភឺនផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានទៅធ្វើសកម្មភាព ប្រើហិង្សា វាយ បាញ់ ប្រជាពលរដ្ឋឱ្យរងរបួសច្រើននាក់ នៅចំណុចភូមិ-ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទោះជាលោកផ្កាយ២ ភឺន ផល្លា កំពូលមនុស្សបំពានច្បាប់ មិនបានចេញមុខធ្វើសកម្មភាពខ្លួនឯងផ្ទាល់ក៏ពិតមែន តែលាក់មិនជិតទេ ខណៈរដ្ឋបាលសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ បានចេញលិខិតមួយជម្រាបមក 

លោក ភឺន ផល្លា, លោក តោគ វឌ្ឍនា, លោកឈុន ហ៊ាង និងលោក ឈិត ហ៊ាន, ប្រជាពលរដ្ឋ នៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង,  ស្តីពីករណីវិវាទដីធ្លីស្ថិតនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ភឺន ផល្លា , លោក ភោគ វឌ្ឍនា, លោក ឈិន ហ៊ាង , លោក ឈិត ហ៊ាន និងប្រជាពលរដ្ឋនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ជ្រាបថា៖ ករណីវិវាទដីធ្លីស្ថិតនៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារចម្រុះចុះអង្កេតស្រាវជ្រាវដោយយកចិត្ត ទុកដាក់ ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីធ្វើការបូកសរុបលទ្ធផលនៃការអង្កេតស្រាវជ្រាវជូនថ្នាក់ ដឹកនាំពិនិត្យសម្រេច ។ ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតលេខ ៥៧៩ សជណ ជម្រាបជូនរដ្ឋបាលស្រុកព្រៃនប់ ផ្អាកនូវការ ចុះស្រង់ស្ថិតិតាមខ្នងផ្ទះប្រជាពលរដ្ឋ និងការសម្របសម្រួលផ្សេងៗរវាងគូភាគី ដើម្បីទុកភារកិច្ចដល់ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តធ្វើការ ស្រាវជ្រាវឱ្យបានច្បាស់លាស់ ។

ដើម្បីជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតឡើងក្នុងសំណុំរឿងវិវាទនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យ លោក លោកស្រីជាភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាស្ថានភាពដើមលើទីតាំងដីវិវាទជាបណ្តោះ អាសន្ន និងជៀសវាងរាល់ការធ្វើសកម្មភាពផ្សេងៗ ដែលជាហេតុបង្កការរាំងស្ទះ យឺតយូរដល់ដំណើរការអង្កេត ស្រាវជ្រាវ និងស្នើភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ រងចាំលទ្ធផលអង្កេតស្រាវជ្រាវរបស់ក្រុមការងារចម្រុះរដ្ឋបាលខេត្ត ដែលនឹងត្រូវធ្វើការបូកសរុបបញ្ចប់នាពេលខាងមុខនេះ ។ អាស្រ័យហេតុនេះ សូមលោក លោកស្រីជាភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ជ្រាប និងចូលរួមសហការអនុវត្ត។

ចំណុចនេះហើយ ដែលគេចាត់ទុកថា ល្មមដល់ពេល លោកផ្កាយពីរ ភឺនផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បញ្ឈប់ឱ្យកូនចៅ នឹងខ្លួនឯងធ្វើសកម្មភាព រំលោភយកដីប្រជាពលរដ្ឋ , រំលោភយកដីរដ្ឋ ប្រើហិង្សា វាយដំ បាញ់គម្រាមពលរដ្ឋ , នឹងយកទាហានមកធ្វើសកម្មភាព បំបាក់ស្មារតីប្រជាពលរដ្ឋតទៅទៀត។ ខណៈកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ មិនមែនយកទម្លាប់អនុវត្ត ដូចជាលោកផ្កាយ២ ខាងលើនេះទេ។ 

ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព នគរដ្រេហ្គន មិនអាចទាក់ទង សុំការបំភ្លឺបានទេពីលោកផ្កាយ២ ភឺន ផល្លា មេបញ្ជាការរងកងពលលេខ៧០ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដោយទូរសព្ទចូល គ្មានអ្នកទទួល។

សូមជម្រាបជូនខាង រឿងបុគ្គលលោកផ្កាយ២ ភឺន ផល្លា ប្រព្រឹត្តបំពានច្បាប់ ដ៏លើសលប់ មកលើប្រជាពលរដ្ឋ រឿងរំលោភដីធ្លី, រឿងរៀបចំឯកសារស៊ីដាច់ដីរដ្ឋនេះជាដើម សូមមេត្តាថ្នាក់លើ បើកការស៊ើបអង្កេត ស្រាវជ្រាវ រកឱ្យឃើញ ពិតប្រាកដ ដើម្បីអោយមានភាពយុត្តិធម៌ក្នុងសង្គម និងជៀសវាងបុគ្គលខាងលើ បានប្រព្រឹត្តជះឥទ្ធិពលដ៏អាក្រក់ មកលើអង្គភាពរបស់ខ្លួន ក្នុងនាមជាមេទ័ពមួយរូប៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖