ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីប្រទេសថៃបានផ្ទុះការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍នៅខេត្តសាមុតសាខននៃប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានចំនួន៣៩៤នាក់ នៅក្រុងប៉ោយប៉ែតគិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ ត្រូវធ្វើចត្តាឡីស័កមុនអនុញ្ញាតឲ្យត្រឡប់ទៅកាន់ស្រុកកំណើតវិញ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅយប់ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២០ថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសថៃត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹងការងារត្រួតពិនិត្យនិងធ្វើចត្តាឡីស័កចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ក្រោយពេលដែលប្រទេសថៃបានផ្ទុះការឆ្លងកូវីដ-១៩ជាសហគមន៍នៅខេត្តសាមុតសាខនរួចមក។
លោកបញ្ជាក់ថា កន្លែងសម្រាប់ធ្វើចត្តាឡីស័កទទួលប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃតាមច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មកដាក់នៅក្រុងប៉ោយប៉ែតមាន៤ទីតាំង ដែលទីតាំងទី១-នៅមណ្ឌលសុខភាពប៉ោយប៉ែត១, ទី២-នៅអនុវិទ្យាល័យព្រហ្មនិមិត្ត, ទី៣-នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងទី៤-នៅវិទ្យាល័យនិមិត្ក។
លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា ចំនួនប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្រុងប៉ោយប៉ែត សរុបមកដល់ម៉ោង៨យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ មានចំនួនសរុប៣៩៤នាក់ ស្រី១៤៥នាក់ ដែលត្រូវតាមដានពិនិត្យ ដោយក្រុមគ្រូពេទ្យ និងធានាលើការហូបចុកដោយអាជ្ញាធរ បើមិនទាន់គ្រប់រយៈពេល១៤ថ្ងៃទេ គឺមិនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនោះទេ។ សូម្បីតែប្រជាពលរដ្ឋ ឬអាជីវករនៅផ្សាររុងក្លឿប្រទេសថៃ នៅជាប់ព្រំដែនក្រុងប៉ោយប៉ែតក៏ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដូចគ្នាដែរ៕ ដោយ៖វណ្ណា